គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ពព្រះសីហនុ ស្នើអ្នកបើកបរទាំងអស់គោរពច្បាប់និងយោគយល់គ្នាពេលបើកបរដើម្បីកាត់បន្ថយការកកស្ទះនិងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ
May 29, 2019 អ្នកទស្សនា :

      ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តព្រះសីហនុ នារសៀលអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។ យោងតាមការលើកឡើងក្នុងទិវានេះបង្ហាញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមគួរអោយព្រួយបារម្ភគ្រាដែលប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់គ្រប់វិស័យ ជីវភាពពលរដ្ឋមានភាពធូរធារក្រោមដំបូលសន្តិភាពក្នុងការដឹកនាំរបស់រាជរដ្ឋាភបាលកម្ពុជា មានសម្តេចតេជោសែន ជាប្រមុខដឹកនាំ។

      ទន្ទឹមនេះនៅខេត្តព្រះសីហនុ ការកកស្ទះចរាចរណ៍តាមដងផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍ ក៏កំពុងកើតមានគួរកត់សំគាល់ផងដែរស្របពេលដែលខេត្តនេះកំពុងមានកំណើនអភិវឌ្ឍន៍ នាំអោយមាន កំណើនយានយន្ត និងកំណើនមនុស្ស។

      ករណីកកស្ទះចរាចរណ៍នេះដែរ ត្រូវបានគេមើលឃើញថាបណ្តាលមកពីចំណុចមួយចំនួន ដូចជា ១.អ្នកបើកបរមិនគោរពច្បាប់និងបើកមិនសូវមានការយោគយល់គ្នា, ២.ការឈប់ ឬចតគ្មានសណ្តាប់ធ្នាប់ ខណៈនៅតាមអាហារដ្ឋាន សណ្ឋាគារ អាគារពាណិជ្ជកម្មខ្លះគ្មានចំណត, ៣.ផ្លូវថ្នល់តូច មិនសមាមាត្រជាមួយកំណើនយានយន្ត, ៤.ចិញ្ចើមផ្លូវរងការរំលោភធ្វើអាជីវកម្មជាដើម។

      ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្តល់អនុសាសន៍ចំនួន៩ចំណុច៖ ១.ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តអោយបានត្រឹមត្រូវ, ២.អ្នកបើកបរត្រូវពាក់ខ្សែក្រវ៉ាត់ឬមួកសុវត្ថិភាព, ៣.កុំបើកលើសល្បឿនកំណត់, ៤.កុំវ៉ាជែងដោយប្រថុយ, ៥.គោរពសិទ្ធអាទិភាព និងយោគយល់គ្នាពេលបើកបរ, ៦.កុំបើកបរក្នុងស្ថានភាពស្រវឹង, ៧.កុំផ្ទុកលើសកំណត់, ៨.អ្នកបើកបរ ត្រូវមានគ្រមសីលធម៌។

      ឯកឧត្តម  យន្ត មីន និយាយថា បញ្ហាការកកស្ទះនេះ អាជ្ញាធរសមត្ថកិច្ចកំពុងគិតគូរដោះស្រាយចំពោះមុខ ដោយតំរូវអោយ ១.ធ្វើផ្លូវឯកទិស, ២.បន្តសកម្មភាព អប់រំផ្សព្វផ្សាយអោយបានទូលំទូលាយបន្ថែមទៀត, ៣.វិធានការណ៍ផាកពិន័យ ឬអនុវត្តវិធានការណ៍ច្បាប់អោយបានតឹងរឹងបំផុត។

      តាមរយៈទិវានេះឯកឧត្តម យន្ត មីន មានរំពឹងថាអ្នកចូលរួមថ្ងៃនេះនឹងយកខ្លឹមសារនេះទៅអប់រំផ្សព្វផ្សាយបន្តដល់ពលរដ្ឋបន្ថែមទៀតដើម្បីជម្រុញពួកគេអោយមានការចូលរួមទាំងអស់គ្នាទើបអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងចៀសវាងការកើតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

      គួរបញ្ជាក់ថាសំរាប់ខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦៧ ករណី ស្លាប់៤៥នាក់ របួស១១៩នាក់ បើធៀបឆ្នាំ២០១៨ បានកើនឡើង៦៦នាក់ ក្នុងនោះអ្នកស្លាប់បានកើន១៧នាក់ អ្នករបួសកើន៦៦នាក់។នេះយោងតាមរបាយការណ៍នគរបាលចរាចរណ៍ខេត្តព្រះសីហនុ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ