អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២
May 29, 2019 អ្នកទស្សនា :

      នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្តសៀមរាប បានប្រារព្វធ្វើទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាពរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក សិស្សានុសិស្ស គរុសិស្ស និង យុវជនកាកបាទ ក្រហម ព្រមទាំងសហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ សរុបចំនួន៥១០នាក់ចូលរួម នាព្រឹកថ្ងៃអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

      បើទោះជាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការថយចុះ តែវានៅតែស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបន្សល់ផលវិបាកជាបន្ទុកសម្រាប់សង្គម ដូច្នេះ(ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍)។

      លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបង្ហាញនិន្នន័យ ក្នុងការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តសៀមរាប រយៈពេល៤ខែ រវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ឃើញថា ឆ្នាំ២០១៩នេះមានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៨ករណី បណ្តាលឲ្យស្លាប់មនុស្ស ២៦នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ១៤នាក់ គឺមិនថយចុះឡើយ។

      លោកបានវាយតម្លៃថា  បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺនៅតែស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និង បន្សល់ផលវិបាកជាច្រើនទៀតក្នុងសង្គមជាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការភាពជាដើម។

      លោក ពិន ប្រាកដ បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះឡើង គឺជាការបន្លឺស្នូជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើងនិងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និងបើកបរយានយន្ត។

      លោក ពិន ប្រាកដ បានបញ្ជាក់ថា ប្រទេសស្ថិតនៅក្រោមដំបូល សុខសន្តិភាពពេញលេញ បានធ្វើឲ្យជីវភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និង មានលទ្ធភាព ក្នុងប្រើប្រាស់មធ្យោបាយធ្វើដំណើរកាន់តែមានការកើនឡើងឥតគណនា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហានីភ័យនៃការកើតនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាបីយ៉ាង គឺកត្តាមនុស្ស, កត្តាសម្ភារៈមធ្យោបាយ និង ផ្លូវថ្នល់។ លោកបានបន្តទៀតថា ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩នេះ ដើមី្បចូលរួមជាមួយអង្គការសហប្រជាជាតិ ប្រារព្វទិវាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី១២នេះ គឺសំដៅក្រើនរំលឹក ពញាក់អារម្មណ៍ដល់ជនរួមជាតិគ្រប់រូប ត្រូវបង្កើនការយកចិត្តទុកដាក់ ខ្ពស់ ក្នុងការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ដើមី្បចៀសវាងឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុ ផងដែរ។

      លោកក៏បានបន្តទៀតថា ដើមី្បរួមគ្នាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង កាត់បន្ថយទុក្ខសោក និង ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឲ្យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០% នៅក្នុងឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអានុសាសន៍ និង អំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ (ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍)។

      ក្នុងនោះដែរ លោក ពិន ប្រាកដ ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អមួយចំនួន ដល់សមាជិកនៃអង្គពិធី ដើមី្បជាមូលដ្ឋានគ្រឹះ ក្នុងការធានាបាននូចសុវត្ថិភាព នៅពេលបើកបរ បញ្ជាយានយន្តគ្រប់ប្រភេទ ក្នុងការបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍នេះ គឺ ត្រូវសិក្សាស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវ មានការអាព្យាស្រ័យគ្នាក្នុងពេលបើកបរ មិនត្រូវបើកបរដោយមានជាតិស្រវឹង ហើយកត្តាសំខាន់នោះគឺត្រូវចេះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនឹះ និង លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច។ លោកក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនក្នុងអង្គពិធី នៅពេលវិលត្រឡប់ទៅកាន់អង្គភាព មូលដ្ឋាន និងសាលារៀនវិញ ត្រូវជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិត្តភ័ក្តរបស់ខ្លួន ឲ្យបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក  ទាំងនេះហើយគឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងការចូលរួមចំណែក ជួយសង្រ្គោះអាយុជីវិតមនុស្សយើងគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល និងនិន្នាការនយោបាយអ្វីឡើយ។

      បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកស្នងការរងនគរបាលខេត្ត និង ការប្តេជ្ញាចិត្តរបស់តំណាងនៃអង្គពិធីរួចមក គណៈ អធិបតី ក៏បានធ្វើការបំពាក់មួកសុវត្ថិភាព ដល់យុវជនកាកបាទក្រហម សិស្សានុសិស្ស គរុសិស្ស និង សហភាពសហព័ន្ធយុវជន ខេត្តផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ