ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមអមដំណើរគណៈប្រតិភូគណៈកម្មាធិការគ្រប់គ្រងការអនុវត្តការងារគណនេយ្យភាពសង្គម (គ.គ.អ.ស)
December 08, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស២០១៧នេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមអមដំណើរគណៈប្រតិភូគណៈកម្មាធិការគ្រប់គ្រងការអនុវត្តការងារគណនេយ្យភាពសង្គម (គ.គ.អ.ស) ដឹកនាំដោយឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ "ការអនុវត្តការងារគណនេយ្យភាពសង្គម (I-SAF)" នៅឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលសហការរៀបចំឡើងដោយអង្គការស្តារកម្ពុជា (Star Kampuchea) ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យសមាជិកគណៈកម្មាធិការ គ.គ.អ.ស បានសិក្សាស្វែងយល់បន្ថែមអំពីដំណើរការអនុវត្តផ្ទាល់នៅមូលដ្ឋាន និងផ្ដល់ជាអនុសាសន៍ ដើម្បីជំរុញឲ្យការអនុវត្តការងារគណនេយ្យភាពសង្គមកាន់តែមានប្រសិទ្ធភាព ។ ក្នុងឱកាសនោះ បន្ទាប់ពីអញ្ជើញទស្សនាការបិទផ្សាយព័ត៌មាននៅសាលាឃុំព្រៃគគីរ មណ្ឌលសុខភាពព្រៃគគីរ និងសាលាបឋមសិក្សាហ៊ុន សែន ព្រៃគគីរ ប្រតិភូក៏បានចូលរួមវេទិការៀបចំនៅវត្តព្រៃគគីរដួច ដែលមានអ្នកចូលរួមជាង ៣០០នាក់ ដើម្បីស្តាប់បទពិសោធន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារ I-SAF ពីអាជ្ញាធរស្រុក អង្គភាពផ្តល់សេវាទាំង ៣ និងអ្នកសម្របសម្រួលសហគមន៍ផងដែរ ។ សូមបញ្ជាក់ថា តាមរយៈអនុស្សារណៈយោគយល់រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការស្ដារកម្ពុជា ស្ដីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅក្នុងខេត្តស្វាយរៀង មានស្រុកគោលដៅចំនួនពីរ គឺស្រុកចន្ទ្រា និងស្រុករមាសហែក ដែលក្នុងនោះមានសាលាឃុំ ចំនួន ២២ សាលាបឋមសិក្សា ចំនួន ៧៣ និងមណ្ឌលសុខភាព ចំនួន ១៥ ក្នុងនាមជាស្ថាប័នផ្ដល់សេវា (ផ្នែកផ្គត់ផ្គង់) បាននិងកំពុងដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដោយមានការគាំទ្រពីអង្គការស្ដារកម្ពុជា ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ