រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
May 28, 2019 អ្នកទស្សនា :

      ដើម្បីពង្រឹងនៃការអនុវត្ត នៃការប្រមូលពន្ធអោយកាន់តែមានប្រសិទ្ធិភាពនោះ សាខាពន្ធដារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យ ដល់មន្រ្តីនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩។

      លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈ កន្លងទៅរាជរដ្ឋាភិបាលបាន សម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយដើម្បីស្របតាមការរីកចម្រើន នៅកម្ពុជាក៏ដូចជានៅក្នុងបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាស ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០១៩ នេះតទៅ។

      បើយោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាពតម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹងភូមិសាស្ត្រនានា ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មីជាដើម។

      ថ្លែងក្នុងឧកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន  បានមានប្រសាសន៍ថាៈ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះគឺពិតជាមានសារៈសំខាន់ ធ្វើឡើងក្នុងគោលបំណងអោយមន្រ្តីរាជការរបស់យើង ទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ ទទួលបាននៅចំណេះដឹងក្នុងការចែករំលែកទៅដល់មូលដ្ឋាន។

      ឯកឧត្តកមបានមានប្រសាន៍បន្តថាៈ រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះបានលើកឡើងនៅវិធានការបង្កើនប្រសិទិ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែកាន់តែមានតម្លាភាព អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការសំខាន់ៗដទៃទៀតរបស់សាខាពន្ធដារខេត្តក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យតាមផែនការសកម្មភាពដែលក្រសួងបានកំណត់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ