អភិបាលខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារ ជាមួយតំណាងសាសនាចក្រព្រះយេស៊ូគ្រីស្ទ ក្នុងការជួយពង្រឹងសមត្ថភាព បច្ចេកទេស ដល់មន្ត្រីសុខាភិបាល និងផ្តល់សម្ភារបរិក្ខាពេទ្យខេត្ត
May 28, 2019 អ្នកទស្សនា :

      នៅសាលាខេត្តកំពង់ចាម ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត  បានទទួលជួបពិភាក្សាការងារ ជាមួយលោក Elder Peter Meurs តំណាងសាសនាចក្រ ព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ បានសម្ដែង នូវការស្ម័គ្រចិត្ត ក្នុងការជួយពង្រឹងសមត្ថភាព បច្ចេកទេស ដល់មន្ត្រីសុខាភិបាល និងជួយផ្គត់ផ្គង់សម្ភារបរិក្ខាពេទ្យ ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

      នាឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន បានលើកឡើងថា ការខ្វះបន្ទប់សម្រាកព្យាបាល នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដែលជាគម្រោងធំ ហើយត្រូវចំណាយថវិការាប់លានដុល្លារអាមេរិក ទើបអាចធ្វើបាន។ គម្រោងបែបរឹងទី២ គឺទាក់ទងទៅនឹងសំណង់ធន់ល្មម នៃអគារសម្រាប់ផ្ដល់វ៉ាក់សាំងជម្ងឺសត្វខាំ។ ម្យ៉ាងទៀតទីកន្លែង ដែលត្រូវរក្សាទុកវ៉ាក់សាំងនាពេលបច្ចុប្បន្នជាបន្ទប់មួយដែលខ្ចីពីមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដែលប្រការនេះ អាចធ្វើឱ្យវ៉ាក់សាំងទាំងនោះ អន់ថយគុណភាព ព្រោះថាការទុកដាក់មិនសូវល្អជាបញ្ហាប្រឈមដែលយើងត្រូវគិតគូរដោះស្រាយ ដើម្បីរកទីតាំងណាមួយតូចល្មម សម្រាប់ធ្វើការងារ និងការបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យមាននិរន្តភាពផងដែរ។ ចំពោះផ្នែកទី៣ គឺជាការងារសង្គមកិច្ច ទាក់ទងទៅនឹងបន្ទប់អនាម័យ នៅតាមខ្នងផ្ទះ ដែលបច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម មានចំនួន ២៧ម៉ឺនខ្នងផ្ទះ ក្នុងនោះមានខ្នងផ្ទះប្រមាណជាជាង ១៧ម៉ឺនប៉ុណ្ណោះដែលមានបន្ទប់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ ដូច្នេះ នៅសល់ជាង ៩ម៉ឺនខ្នងផ្ទះទៀតដែលមិនទាន់មានបន្ទប់អនាម័យនៅឡើយ ដែលប្រការនេះ អាចពួកគាត់ទៅបន្ទោរបង់ពាសវាលពាសកាល តាមទីសាធារណៈ ដែលជាហេតុ នាំឲ្យមានឆ្លងមេរោគ តាមរយៈការបន្ទោបង់ពាសវាលពាសកាលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈប្រសិនបើយើង មិនមានដំណោះស្រាយនោះ។ ដោយឡែក ផ្នែកទី៤ គឺផ្នែកបញ្ជ្រាបចំណេះដឹង ក្នុងវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋ។

      ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ន មានប្រជាពលរដ្ឋប្រមាណជា ៩៥% ពុំទាន់មើលឃើញ អំពីតម្លៃ នៃការពិនិត្យសុខភាពនោះទេ ពោលគឺ បើពួកគាត់មិនឈឺ គឺ មិនទៅមន្ទីរពេទ្យ តែម្ដង។ ប៉ុន្តែ បញ្ហាពិនិត្យសុខភាពនេះ រាជរដ្ឋាភិបាល បានគិតគូរជាចម្បង ទៅលើស្រ្តីក្រីក្រមានផ្ទៃពោះ ត្រូវបានលើកទឹកចិត្ត ឱ្យមកពិនិត្យសុខភាព ៤ដង ដោយមកពិនិត្យម្ដង រដ្ឋឧបត្ថម្ភថវិកា ចំនួន ៤ម៉ឺនរៀល ។ ម្យ៉ាងទៀត ស្ត្រីដែលមកសម្រាលកូន នៅមន្ទីរពេទ្យ រដ្ឋឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ពេលសម្រាលរួច រដ្ឋបានលើកទឹកចិត្តឲ្យម្តាយ យកកូនមកពិនិត្យចំនួន ១០ដង រហូតដល់អាយុ ២ឆ្នាំ  ដោយនាំកូនមកពិនិត្យម្ដង រដ្ឋឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀល  ដែលកិច្ចការទាំនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ នេះតទៅ។

      លោក Elder Peter Meurs តំណាង សាសនាចក្រព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបញ្ជាក់នាឱកាសនោះថា កន្លងមកខាងលោក បានសង្កេតឃើញ នៅតាមមន្ទីរពេទ្យ ឬក៏មណ្ឌលសុខភាព នៅមានការខ្វះខាតឧបករណ៍សម្ភារៈប្រើប្រាស់ និងផ្នែកជំនាញ នៅមានកម្រិត ។ ដូច្នេះ អ្វីដែលពួកលោកត្រូវចាប់ផ្ដើម គឺស្ម័គ្រចិត្តជួយ បង្ហាត់ពង្រឹងសមត្ថភាពបន្ថែម ទៅដល់គ្រូពេទ្យ តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេសទាក់ ទងទៅនឹងជំនាញ នៃការការសង្គ្រោះបឋម...។ល។ ក្រៅពីនោះ លោកក៏គ្រោងនឹងផ្ដល់នូវសម្ភារបរិក្ខាពេទ្យមួយចំនួន ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព សម្រាប់ប្រើប្រាស់ ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ