សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៩
May 28, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង តំណាងអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

       មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហពន្ធយុវជនកម្ពុជាខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀងទាំងមូល ជាពិសេសនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ ជាមួយនេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភក្នុងពិធីប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ខួបលើកទី១៥៦ នៅខេត្តស្វាយរៀងនាពេលកន្លងទៅ។

       ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.ត្រូវផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវវស្សាឆ្នាំនេះ។
៣.សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមព្រំដែនត្រូវទប់ស្កាត់ឲ្យបាននូវការនាំជ្រូកចូលពីប្រទេសវៀតណាម តាមច្រកនានាក្នុងខេត្ត។
៤- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងសំណើរបស់បងប្អូនប្រជាពលរដ្ឋ។
៥.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈ រៀបចំវិធានការពង្រឹងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។
៦.អាជ្ញាធរមូលដ្ឋានស្រុកជាប់ព្រំដែនត្រូវហាមប្រជាពលរដ្ឋដាច់ខាត ការជួលដីទៅឲ្យប្រជាជនប្រទេសជិតខាង។
៧.អាជ្ញាធរពាក់ព័ន្ធ និងនៅតាមបណ្តាក្រុងស្រុក ត្រូវទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់ ឬតូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈឲ្យមានប្រសិទ្ធភាព។
៨.សមត្ថកិច្ចពាក់ព័ន្ធ និងតាមបណ្តាក្រុងស្រុកត្រូវតាមដានពីសភាពការណ៍នានា នៅលើបណ្តាញ សង្គមហ្វេសបុកដូចជា ការជេប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាដើម ត្រូវចាត់វិធានការភ្លាមៗទៅលើបុគ្គលដែលរស់នៅមូលដ្ឋាននោះ។
៩.អាជ្ញាធរ ក្រុង ស្រុក ត្រូវរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន។
១០.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឲ្យត្រៀមការងារបង្កបង្កើនផលឲ្យបានទាន់ពេលវេលា ។
១១.អាជ្ញាធរ ក្រុងបាវិត មន្ទីរពាក់ព័ន្ធ និងក្រុមការងារមានសមត្ថកិច្ច ត្រូវពន្លឿនការសម្របសម្រួលដោះស្រាយផលប៉ះពាល់ នៃការស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូនៅក្រុងបាវិត ដែលនៅសេសសល់ចំនួនមួយគ្រួសារ ឲ្យបានឆាប់ដើម្បីជំរុញការស្ថាបនាឲ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុកសម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ