អភិបាលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន ១៥៥គ្រួសារ មកពីឃុំត្រពាំងស្ដៅ ឃុំអណ្ដូងពោធិ៍ និងឃុំចន្ត្រី ស្រុករមាសហែក
May 27, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន ១៥៥គ្រួសារ មកពីឃុំត្រពាំងស្ដៅ ឃុំអណ្ដូងពោធិ៍ និងឃុំចន្ត្រី ស្រុករមាសហែក នាព្រឹកថ្ងៃចន្ទ ០៩រោច ខែពិសាស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ពិធីនេះ រៀបចំនៅបរិវេណវត្តស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំងបី លោកអភិបាលស្ដីទី ស្រុករមាសហែក ក្រុមប្រឹក្សាស្រុក លោកមេឃុំ និងមេភូមិដែលមានប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ជាច្រើនរូបទៀត ។ 

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ជាមួយនេះ ឯកឧត្ដម បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរដែនដី និងកងកម្លាំងនៅមូលដ្ឋានទាំងអស់ ដែលបានជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា និងបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ  ។

     ទន្ទឹមនេះ ឯកឧត្ដមក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរសព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាខាងមុខឲ្យបានទាន់ពេលវេលា ចូលរួម និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ។

      សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូននៅថ្ងៃនេះ សម្រាប់គ្រួសាររងគ្រោះធ្ងន់ ៧គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ កៅស៊ូតង់ ១ផ្ទាំង ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលជ័របត់ ១ ឃីត១កញ្ចប់ (មាន ៤មុខ គឺភួយ មុង សារុង និងក្រមា) មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប និងថវិកា២០០.០០០រៀល គ្រួសាររងគ្រោះមធ្យម ១០០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ កន្ទេលជ័របត់ ១ ឃីត១កញ្ចប់  មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប និងថវិកា៥០.០០០រៀល គ្រួសាររងគ្រោះមធ្យម ៤៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ៦០.០០០រៀល និងអ្នករងរបួស ១នាក់ ទទួលបានថវិកា ២០០.០០០រៀល ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ