ខេត្តរតនគិរី ប្រារព្ធទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២
May 27, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃ ចន្ទ ៩រោច ខែ វិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញ​ជាគណៈអធិបតីក្នុងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ដែលពិធីនេះ​ប្រារព្ធធ្វើនៅ សាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ស្ថិតនៅ សង្កាត់​បឹងកន្សែង ក្រុងបានលុង។

        ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីមានប្រសាសន៍ថា ស្ថានភាព គ្រោះថ្នាក់ចរាចរណ៍​បច្ចុប្បន្ន​គឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរ​លើសល្បឿន​កំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើក​បរក្រោមឥទ្ធិពល គ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យរបួសពិការ ឬបាត់បង់ជីវិតមនុស្សយ៉ាងអាណោចអាធ័ម រួមជាមួយ នឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និង​ឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាក​ជា​ច្រើន​នៅ​ក្នុងសង្គមកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរ​តាម​ផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា “ ថ្ងៃ​នេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយសូមចូលរួមយកចិត្តទុកដាក់នូវ វិធានការដូចខាងក្រោម៖

១. អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗ គ្នាទោះជិតឆ្ងាយ។

២. មុនពេលបើកបរយានជំនិះត្រូវត្រួតពិនិត្យបច្ចេកទេសឱ្យបានម៉ត់ចត់ និងលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នជានិច្ច។

៣. អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា។

៤. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានល្អ មិនថាជិតឬឆ្ងាយ។

៥. សូមបន្ថយល្បឿនបើកបរទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង...ជាដើម។

៦. មុននឹងវ៉ាជែងត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរអាចវ៉ាជែងដោយសុវត្ថិភាពកុំប្រថុយ ប្រថាន។

៧.ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងគោរពសិទ្ធិអាទិភាព គឺត្រូវបន្ថយល្បឿន។

៨.”បើពិសារគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង” ព្រោះបើស្រវឹង អ្នកបើកបរនឹងបាត់ភាពម្ចាស់ការលើខ្លួនឯង។

៩.ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់

១០.ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូបមេត្តាអត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាងការប្រើអំពើហិង្សា ត្រូវរួមគ្នាដោះស្រាយតាមនីតិវិធីច្បាប់

      សូមបញ្ជាក់ដែរថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៨ កើតឡើងចំនួន ១០៤ លើក ស្មើរ​នឹង ១៥ ករណី កើតឡើងពេលយប់ ៥៤ លើក និងពេលថ្ងៃ ៥០ លើក បណ្តាលអោយមនុស្ស ស្លាប់ ៤០ នាក់ ស្រី ៥ នាក់ របួសធ្ងន់ ៩៨ នាក់ ស្រី ២៨ នាក់ របួសស្រាល ៥២ នាក់ ស្រី ៩ នាក់ ម៉ូតូខូចខាត ១១៨ គ្រឿង រថយន្តខូចខាត ៥៨ គ្រឿង៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ