អភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិខ្យល់កន្រ្តក់
May 24, 2019 អ្នកទស្សនា :

      អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានផ្ញើសារដាស់តឿន និងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងគិតគូររកទីតាំងសុវត្ថិភាព នៅអំឡុងពេលមានខ្យល់កន្រ្តក់កើតមានម្តងៗ ។
     ថ្លែងនៅក្នុងឱកាសអញ្ជើញចុះចែកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តតាកែវ ដល់គ្រួសារដែលរងគ្រោះធម្មជាតិខ្យល់កន្រ្តក់ចំនួន៥២គ្រួសារ នៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍បន្តថា បញ្ហាគ្រោះធម្មជាតិនេះ យើងពិតជាមិនអាចដឹងមុន ឬស្មានបានឡើយ វាអាចមកគ្រប់ពេល ព្រោះនេះជាការបម្រែបម្រួលអាកាសធាតុ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមានគេហដ្ឋាននៅទីវាល សូមបង្កើនការប្រុងប្រយ័ត្ន និងមិនត្រូវចេញពីផ្ទះឡើយ នៅពេលដែលមានភ្លៀង ខ្យល់កើតឡើង ព្រោះវាអាចបណ្តាលឲ្យយើងមានគ្រោះថ្នាក់ដល់អាយុជីវិត ។
     ឯកឧត្តមប្រធានកិត្តិយស បន្ថែមទៀតថា ប្រសិនបើបងប្អូនណាម្នាក់មិនមានការប្រុងប្រយ័ត្ន ឬធ្វេសប្រហស ដោយមិនបានគិតគូរអំពីបញ្ហាប្រែប្រួលអាកាសធាតុនេះទេ វាអាចនឹងឲ្យយើងជួបបញ្ហាជាក់ជាពុំខាន ពោលគឺអាចនឹងបាត់បង់អាយុជីវិតផង និងខូចខាតទ្រព្យសម្បត្តិផង ប៉ុន្តែបើយើងមានការប្រុងប្រយ័ត្ន ហើយការពារអាយុជីវិតបាន នោះបញ្ហាខូចទ្រព្យសម្បតិ្ត យើងអាចរកបាននៅពេលក្រោយ តែបើបាត់បង់អាយុជីវិតហើយ នោះបាត់បង់រហូត។ ឯកឧត្តមប្រធានកិត្តិយសសាកខា បន្តទៀតថា ទីណាមានទុក្ខលំបាក និងមានគ្រោះមហន្តរាយនានា ទីនោះតែងតែមានមន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្រ្តីកាកបាទក្រហម ចុះទៅដល់ភ្លាមៗ ពោលគឺកាកបាទក្រហមកម្ពុជា នឹងនៅជិតប្រជាពលរដ្ឋ ចុះជួយបងប្អូនគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារតែអត់អាហារដែលយើងមិនបានដឹងនោះឡើយ ហើយសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងតែណែនាំទៅដល់មន្រ្តីកាកបាទក្រហម ពិសេសក្រុមយុវជនកាកបាទក្រហម ឲ្យចុះជួយបងប្អូនប្រជាពលរដ្ឋណា ដែលមានទុក្ខលំបាកលើបញ្ហាជីវភាព ជួបគ្រោះធម្មជាតិនានា ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយទីទល់ក្រជាដើម ជាពិសេសគឺឧស្សាហ៍ចុះសាកសួរសុខទុក្ខបងប្អូងប្រជាពលរដ្ឋឲ្យដល់ខ្នងផ្ទះ ។អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាចំនួន ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ