រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាជាតិនៃការចងចាំ នៃរបបប្រល័យពូជសាសន៍
May 21, 2019 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាចងចាំមិនភ្លេចនូវប្រប្រវត្តិសាស្រ្តដ៏សែនជូរចត់បំផុតនៃរបបប្រល័យពូជសាសន៍ប៉ុល ពត កាលពី៤៤ឆ្នាំមុន បានកត់ត្រាជាប់ជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាមនុស្សជាតិដែលស្នេហាសន្តិភាព សេរីភាព និង យុត្តិធម៌ទាំងអស់ លើពិភពលោក នាព្រឹកថ្ងៃច័ន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

      អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ទោះបី ៣៩ឆ្នាំកន្លងទៅផុតក្តី ក៏ព្រឹត្តិការណ៍ដ៏សែន រន្ធត់នេះនៅតែដក់ជាប់ក្នុងអារម្មណ៍បងប្អូនប្រជាជនកម្ពុជាយើង ជាពិសេសពុក ម៉ែ អ៊ុំ ពូ មីង បងៗ ដែលបានឆ្លងកាត់ក្នុងរបបដ៏យង់ខ្នងនាសម័យនោះ។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារថ្លែងក្នុង ពិធីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាស្លូតត្រង់ រាប់លាននាក់ ដែលបានពលីជីវិត និងបុព្វហេតុការពារជាតិនៅក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំ រុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ។ ពិធីនេះក្រោមអធិបតីភាព  ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម ពិសេស ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រី រាជការ  ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូប បានអញ្ជើញចូលរួមផងដែរ។

      ឯកឧត្តម បានថ្លែងថា ទិវាចងចាំមិនភ្លេច នៅរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលកាន់កាប់ ដោយ របប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសំលាប់ប្រជាពលរដ្ឋស្លូតត្រង់ អស់ជាង ៣លាននាក់។ ដើម្បីជាសក្ខីភាពជាប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាលបានដាក់ចេញនៅអនុក្រឹត្យ  លេខ ១៩ អបក្រម.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា  ជារៀងរាល់ឆ្នាំជាទិវាជាតិនៃការចងចាំ រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ ពីឧក្រិដ្ឋកម្ម  ដែលកើតមានក្នុងរបបប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា យើងទាំងអស់គ្នា ចងចាំ មិនភ្លេចក្រោមរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទឹកដីដ៏ស្រស់បំព្រងត្រូវធ្លាក់ចូលក្នុងភ្លើង សង្គ្រាមយ៉ាងសន្ធោ សន្ធៅបំផុត ដែលក្រុមរដ្ឋប្រហារបានបង្កឡើង ដោយជនផ្ដាច់ការ ប៉ុលពត បានប្លន់យកទាំងស្រុង នូវសមិទ្ធផល នៃការតស៊ូរបស់ប្រជាជន ដោយបានបង្កើតឡើង នូវកម្ពុជាប្រជាធិបតេយ្យ ដែលធាតុពិតជារបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុត ដែល ពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ប្រជាជនត្រូវបានបាត់បង់ទាំងស្រុង នូវសិទ្ធិ សេរីភាព ក្លាយជាទាសករនៅក្នុងគុកឥតជញ្ជាំង។ កម្ពុជា ដែលធ្លាប់ជាមាតុភូមិស្រស់បំព្រង បានប្រែក្លាយជាវាលពិឃាដជោគជាំ ដោយឈាម និងទឹកភ្នែករបស់ប្រជាជន។

      ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ទៀតថា ផ្ដើមចេញពី សច្ចភាព និងឆ្លើយតបការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជន គ្រប់ទិសទី បានវាយឲ្យបរាជ័យជាបន្តបន្ទាប់ នូវកម្លាំង ឆ្អឹងខ្នងរបស់ពួក ប៉ុល ពត ហើយទទួលបានជ័យជំនៈ ដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩ ធ្វើឲ្យប្រជាជាតិបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរ គង់វង្ស និងរីកចំរើន រហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាល បានលើកយកថ្ងៃ២០ ឧសភា ជាទិវាជាតិនៃការចងចាំ ជំនួសទិវាចងកំហឹង នឹងជាថ្ងៃដែលកម្ពុជាប្រជាធិបតេយ្យ បង្កើតគោលការទាំង៨ចំណុច៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ