រដ្ឋបាលខេត្តកណ្តាល បើកវេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍ក្នុងខេត្ត
May 16, 2019 អ្នកទស្សនា :

      អភិបាលខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានជំរុញឲ្យមានការពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ដោយផ្ទាល់រវាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការពិនិត្យមើលនូវរាល់បញ្ហាប្រឈមនានាទាក់ទងនឹងសកម្មភាពការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន និងស្ដាប់នូវសំណូមពរផ្សេងៗ ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការប្រកបដោយប្រសិទ្ធភាព ។

      ឯកឧត្តមអភិបាលខេត្ត បានថ្លែងដូច្នេះក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ជាមួយ សមាគម  អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋានខេត្តកណ្ដាល  កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងអង្គការ សមាគម សហគមន៍ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរជាង ៥០០នាក់។ 
     ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមករវាងវិស័យនានារបស់រដ្ឋ ជាមួយនិងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ គឺជាវប្បធម៌ល្អប្រពៃដែលមិនអាចខ្វះបាន ហើយការចូលរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាលគឺជាការបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ដែលរដ្ឋាភិបាលមិនបានគ្រប់ដណ្ដប់ទៅដល់មូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ។ 
    
     លោក  គីម រិទ្ធី អភិបាលរងខេត្ត   បានឱ្យដឹងថា  បច្ចុប្បន្ននេះមានអង្គការមិនមែនរដ្ឋាភិបាល   ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត  មានចំនួន១៤៦អង្គភាព ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាល  មានចំនួន៦៣ មាន ២៦សហគមន៍  និង៥៦សមាគម។

     ដើម្បីលើកកម្ពស់កិច្ចសហការក្នុងភាពជាដៃគូជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ឯកឧត្តមអភិបាល បានស្នើឲ្យអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន។ រដ្ឋបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវផ្សព្វផ្សាយសេចក្តីណែនាំបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ជូនដល់អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដើម្បីងាយស្រួលក្នុងកិច្ចសហការគាំទ្រ។ សមាគមអង្គការមិនមែនរដ្ឋាភិបាលត្រូវបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍសង្គម។ ត្រូវធ្វើសកម្មភាពឱ្យស្របតាមច្បាប់ស្តីពីអង្គការសមាគម និងបទដ្ឋានគតិយុត្តនានា។ ត្រូវជូនដំណឹងដល់អាជ្ញាធរ និងសូមផ្ដល់ជារបាយការណ៍លទ្ធផលការងារមករដ្ឋបាលខេត្ត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ