រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុង គម្រប់ព្រះជន្ម៦៦ យាងចូល៦៧ព្រះវស្សា
May 13, 2019 អ្នកទស្សនា :

       ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះជន្មគម្រប់៦៦ យាងចូល៦៧ព្រះវស្សាត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តអភិបាលក្រុងស្រុកមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ  ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។

       កម្មវិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះជន្មគម្រប់៦៦ យាងចូល ៦៧ ព្រះវស្ស បានប្រារព្ធធ្វើតាមលំដាប់លំដោយ បានតាមក្បួនខ្នាតព្រះពុទ្ធសាសនាតាមការគ្រោងទុក ដោយមានការចូលរួមអបអរសាទរ យ៉ាងអធឹកអធមពីសមាជិកក្នុងអង្គពិធី។

       ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំងបានអានសារថ្វាយព្រះពរដល់ព្រះអង្គថាៈក្នុងឱកាសថ្ងៃចំរើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៦ យាងចូល៦៧ព្រះវស្សា  ទូលព្រះបង្គំ
ខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រម
ទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណា  ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។

       ក្នុងពិធីដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យព្រះរតនត្រ័យ គុណ កែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា  និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ  និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរជានិច្ចនិរន្តរ៍តទៅ។

     នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្ត កផ្កា  ថ្វាយ ព្រះមហាក្សត្រនិងបានរាប់បាតប្រគេនព្រះសង្ឃនិងជូនថវិកាដល់យាយជីតាជីទាំងអស់ដែលបានចូលរួមផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ