រដ្ឋបាលខេត្តកណ្តាល និងសាខាពន្ធដារខេត្ត បើកសិក្ខាសាលាស្ដីពី ការប្រមូលពន្ធលើអចលនទ្រព្យ
May 08, 2019 អ្នកទស្សនា :

      សាខាពន្ធដារខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលខេត្ត និង អគ្គនាយកដ្ឋានពន្ធដារ  បានរៀប​ចំ​សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលន​ទ្រព្យ ពន្ធលើអចលនទ្រព្យ ត្រៀមអនុវត្តប្រកាស ស្ដីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅរដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៤កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ ដែលមានអាជ្ញាធរពាក់​ព័ន្ធចូលរួមប្រមាណ ៦០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម​បណ្ឌិត ម៉ៅ ភិរុណ  អភិបាលខេត្តកណ្តាល និងឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយក​ដ្ឋានពន្ធដារ។

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ការប្រមូលពន្ធ គឺពិតជាមាន​សារៈ​​សំខាន់ណាស់ សម្រាប់យកថវិកា មកអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្ត បាន​បញ្ជាក់ថានៅពេលខាងមុខនេះ ខេត្ត នឹងធ្វើការផ្ទេរថវិកា​មួយចំនួនឲ្យទៅថ្នាក់ស្រុក ឃុំ ដើម្បីធ្វើ​ការ​អភិវឌ្ឍ នៅមូលដ្ឋានផ្ទាល់ ដូច្នេះ​មន្ត្រីពន្ធដារត្រូវខិតខំប្រមូលពន្ធដើម្បីបង្កើន​ការអភិវឌ្ឍន៍ឲ្យកាន់​តែមាន​ភាពរីកចម្រើនថែមទៀត។ ដើម្បីឲ្យដំណើរការនៃការបង់ពន្ធក្នុងខេត្តប្រព្រឹត្តទៅបានត្រឹមត្រូវ ឯកឧត្តម​អភិបាលខេត្តបានស្នើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំ​យកចិត្តទុកដាក់​ស្ដាប់បទបង្ហាញ​ក្នុង​អង្គសិក្ខាសាលា ដើម្បីបានជាចំណេះដឹងអាចយកទៅអនុវត្តនៅមូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ ហើយ​ត្រូវយកទៅផ្សព្វផ្សាយបន្តបានទូលំទូលាយ និងអាចពន្យល់ប្រជាជនបានជ្រាបអំពីបញ្ហាបង់ពន្ធនេះ នៅ​ពេល​ពួកគាត់មានចម្ងល់ ពិសេសនៅក្នុងកិច្ចប្រជុំ និងតាមវេទិកានានាបានផងដែរ។

      ឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧបសម្ព័ន្ធ ស្តីពីការបែងចែក ភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានកំពុងអនុវត្តជិត ១០ឆ្នាំមកនេះ ដើមី្បឲ្យស្របតាមការ រីកចម្រើនខាងវិស័យអចលនទ្រព្យ នៅកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្តម ហេង សុខណាង បានស្នើ​ដល់​មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវណែនាំដល់អ្នកបែង​ចែកដី​ពុះ​ឡូត៍​លក់ និងម្ចាស់បុរីនានា ត្រូវមកបង់ពន្ធអោយមកបានត្រឹមត្រូវមុននឹងដាក់លក់ឲ្យអតិថិជន អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រកាសលេខ ៣៤៣ ស្តីពីការកំណត់មូលដ្ឋាន​គិតពន្ធប្រថាប់​ត្រា​លើ​ការ​​ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ  និងប្រកាសលេខ ៥០៧ ស្ដីពីការប្រមូល​ពន្ធប្រថាប់​ត្រា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ត្រីពន្ធដារត្រូវខិតខំប្រមូលពន្ធលើ​អចលនទ្រព្យដើម្បីធ្វើបច្ចុប្បន្ន​ភាព និងប្រមូលទិន្នន័យឡើងវិញ ពិសេស ត្រូវលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានបំពេញ​កាតព្វ​កិច្ចបង់ពន្ធបានទាន់ពេលវេលា។ មន្ត្រីពន្ធដារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ក្នុងពេល​ផ្តល់សេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ  គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។

      គួបញ្ជាក់ដែរថា  តាមរបាយការណ៍របស់ លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល នៅឆ្នាំ​២០១៨ សាខាពន្ធដារខេត្តការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ រឺសិទ្ធិកាន់កាប់អចលន​ទ្រព្យចំនួន ៤៦ពាន់លានរៀល (ប្រមាណ ១២លានដុល្លា) លើអចលនទ្រព្យចំនួន ៣៦ ពាន់មូលដ្ឋាន ស្មើនឹង ២៩៤.៤៣%នៃផែនការ។ លោកបានឲ្យដឹងទៀតថា សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ការប្រមូលពន្ធនេះបានចំនួន ១៧ពាន់លានរៀល (ប្រមាណ ៤លានដុល្លា) លើអចលនទ្រព្យចំនួន ១៦ពាន់មូលដ្ឋាន ស្មើនឹង ៥៥%នៃផែនការ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ