អភិបាលខេត្តកណ្តាល អញ្ជើញបើកការដ្ឋានសាងសង់អគាររដ្ឋបាល ក្នុងស្រុកកណ្តាលស្ទឹង
May 08, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរមូលដ្ឋាន ត្រូវផ្ដល់សេវាជូន​ប្រជា​ពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមជំរុញបែបនេះ​ក្នុងពិធីក្រុងពាលី​បញ្ចុះ​បឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលស្រុក អគារសាលប្រជុំសាលាស្រុក និងអគារច្រកចេញ​ចូលតែមួយរបស់រដ្ឋបាលស្រុក និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង នារ​សៀលថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលាស្រុកកណ្តាលស្ទឹង។

      ឯកឧត្តមអភិបាលខេត្តបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជា​ពលរដ្ឋឲ្យបាន​ត្រឹម​ត្រូវ ហើយការផ្តល់សេវាត្រូវឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេងជូន​ដល់​ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូន​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងបានល្អ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

      ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឲ្យមានការ​អភិវឌ្ឍនៅ​គ្រប់​ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាព​នៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសា​ស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។

      ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់​ភាព​អសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើ​ប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បាន​សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការ​បង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម​បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុង​ការ​បើក​បរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។

      លោក បូ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា  អគាររដ្ឋបាលស្រុកដែលត្រូវ​សាងសង់​នាពលនេះមានបណ្តោយ២៨ម៉ែត្រ ទទឹង១៣ម៉ែត្រ កម្ពស់២ជាន់ អគារសាលប្រជុំមាន​បណ្តោយ២០​ម៉ែត្រ ទទឹង១៧ម៉ែត្រ ជាអំណោយរបស់គម្រោងសាងសង់អគាររដ្ឋបាលស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ ក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ឆ្នាំ២០១៦-២០១៩ និងអគារច្រកចេញចូលតែមួយ​ដែលជាអំណោយ​របស់ឯកឧត្តម អភិបាលខេត្តកណ្តាល។

         ឯកឧត្តមអភិបាលខេត្តបាន​ប្រកាសផ្តល់អគារសាលាឃុំ​ចំនួន៧ដល់ស្រុកកណ្តាលស្ទឹង​នៅក្នុងឆ្នាំ​២០១៩​នេះ និងបានឧបត្ថម្ភដល់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជិត៥០០នាក់ ក្នុងម្នាក់ៗ​ទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ