អភិបាលខេត្តសៀមរាប ទទួលបដិសណ្ឋាកិច្ចក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ អោង សានស៊ូជី នៅលើទឹកដីខេត្តប្រវត្តិសាស្ត្រ
May 02, 2019 អ្នកទស្សនា :

      ក្នុងដំណើរអញ្ជើញមកដល់របស់លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញទទួលបដិសណ្ឋាកិច្ចរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រីជាគណៈអភិបាលខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា អស់លោក លោកស្រីជាស្នងការ ស្នងការរង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ ក្រុមយុវជនការឹទ្ធកម្ពុជា យុវជនកាកបាទក្រហម និង សិស្សានុសិស្សនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។

      ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា សំខាន់នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប នាឱកាសនោះ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលអមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការ បានអញ្ចើញទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតាខ្មែរ និងបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរណ៍នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត។

      តាមការបញ្ជាក់ឲ្យដឹងពីសំណាក់ លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា ដែលជាអ្នកមគ្គុទេសក៏ បានបកស្រាយពន្យល់ផ្ទាល់ដល់លោកជំទាវ អោង សានស៊ូជី អំពីប្រវត្តិប្រាសាទបុរាណខ្មែរ ដោយបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនេះ លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ក៏បានសម្តែងនូវភាពស្ញប់ស្ញែងដ៏មហាអស្ចាត្យចំពោះប្រាង្គប្រាសាទបុរាណរបស់ខ្មែរ ដែលធ្វើឲ្យមានភាពល្បីល្បាញនៅលើសកលលោក។

      ជាមួយគ្នានេះលោកជំទាវ អោង សានស៊ូជី គឺជាគណៈប្រតិភូជាន់ខ្ពស់ម្នាក់ដែលបានទស្សនាប្រាសាទ និងធ្វើការសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរយ៉ាងហ្មត់ចត់បំផុត។ ម៉្យាងទៀតលោកជំទាវមានការចាប់អារម្មណ៍ខ្លាំងគឺនៅពេលដែលលោកជំទាវបានឃើញសិលាចារឹកភូមាមាននៅក្នុងតំបន់អង្គរ ដែលសិលាចារឹកនេះបង្ហាញថា កម្ពុជានិងភូមាមានទំនាក់ទំនងតាំងពីសម័យបុរាណ។

      លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា អំពីប្រវត្តិសាស្ត្រកម្ពុជា និង ភូមា គឺមានទំនាក់ទំនងគ្នាតាំងពីស័យបុរាណកាលមកម្លេះ ដោយពឹងផ្អែកតាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរាកន្លងមក  បានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងៗគ្នា។ ក្នុងនោះទីតាំងដែលរកឃើញនោះមាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំក្បែរប្រាសាទបាយ័ន។ បើតាមការសិក្សាគេបានរកឃើញថា អក្សរចារឹកដែលចារឹកចាស់ជាងគេ គឺនៅដើមសតវត្សរ៍ទី២០ ហើយអ្នកដែលបានមកចារខ្លះមកជា លក្ខណៈគ្រួសារ និងមកតែឯង ហើយអត្ថន័យជាទូទៅ គឺបញ្ជាក់ពីឈ្មោះអ្នកសរសេរ ពេលវេលា និង តំបន់ដែលពួកគេរស់នៅ។ ចំណែកនៅប្រាសាទបាយ័ន អ្នកដែលចារនោះ គឺព្រះសង្ឃភូមាដែលលោកបានមកគោរពព្រះនៅក្នុងប្រាសាទ ជាពិសេសនៅព្រះអង្គងោកតែម្តង។

      បន្ទាប់ពីបានទស្សនាប្រាសាទដ៏អស្ចារ្យរបស់ខ្មែររួចមក នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ លោកជំទាវ អោង សានស៊ូជី បានបញ្ជាក់ពីគោលបំណងធ្វើកិច្ចប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងវិស័យទេសចរណ៍ គឺការតភ្ជាប់ពីក្រុងបាហ្គាន់(Bagan)របស់ភូមាមកក្រុងសៀមរាប ដើម្បីធ្វើឱ្យទំនាក់ទំនងវិស័យទេសចរណ៍នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ក្នុងដំណើរទស្សនានៅតាមប្រាង្គប្រាសាទ លោកជំទាវ និង សមាជិកគណៈប្រតិភូ បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំង​ នៃសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើង បានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ក្នុងរជ្ជកាលព្រះបាទសូរិយាវ័រ្មនទី២ និងព្រះបាទជ័យវរ្ម័នទី៧ ដែលជាសំណង់ និងស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សាស៊ីជម្រៅនាសម័យអតិតកាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់នូវទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោក។

      លោកជំទាវក៏បានសម្លែងនូវក្តីស្ញប់ស្ញែង កោតសរសើរ ចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោក ប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាន នៃដួងព្រលឹងជាតិកម្ពុជា ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់មនុស្សជាតិ ហើយក៏ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។

      នៅវេលាម៉ោង១៥ និង១៥នាទីនាថ្ងៃដដែលនោះដែរលោកជំទាវ អោង សានស៊ូជី និង សមាជិកគណៈប្រតិភូ ក៏បានធ្វើមាតុ ភូមិនិវត្ត៍ ចាកចេញពីទឹកដីខេត្តសៀមរាប តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះពិសេសរបស់សហភាពមីយ៉ាម៉ា ឆ្ពោះទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាម៉ា ប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ