អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអបអរសាទរខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ
May 01, 2019 អ្នកទស្សនា :

     ឯកឧត្តម ម៉ែន  វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអបអរសាទរខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំនៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ និង ខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។  អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបី តំណាងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ព្រមទាំងកម្មករ កម្មការិនី ចំនួន ១.៥០០នាក់ ។

     បន្ទប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំនៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ សម្តែងនូវការនឹករលឹកចំពោះបងប្អូន ក្មួយៗ កម្មករនិយោជិតដែលបានចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមបានសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ទីរ អង្គភាព កងកម្លាំង ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលបានចូលរួមសហការធ្វើឲ្យបរិយាកាសនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រទាំងអស់ក្នុងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ស្តីពីការងារ លក្ខខណ្ឌការងារបានល្អប្រសើរ។ ទាំងនេះបានមកពីកត្តាសំខាន់ៗមួយចំនួនទៀតដែលរាជរដ្ឋាភិបាលសម្រេចបានដូចជា៖
-បើគ្មានសន្តិភាពយើងមិនអាចនិយាយពីការអភិវឌ្ឍបានឡើយ។ -បើគ្មានសន្តិភាព មិនអាចនិយាយពីការវិនិយោគ មិនអាចនិយាយពីការងារធ្វើ ឬការជួបជុំដូច ពេលនេះឡើយ។ -កំឡុងឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ប៉ុលពត ប្រទេសជាតិត្រូវខ្ទេចខ្ទាំ គ្មានសល់ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនជាង៣លាននាក់ត្រូវបានសម្លាប់។ -តែផ្ទុយទៅវិញប្រទេសជាតិយើងសព្វថ្ងៃនេះ ដោយឡែកខេត្តស្វាយរៀងកំពុងទទួលបាននូវផ្លែផ្កាយ៉ាងធំធេងពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនកាន់តែមាន ជីវភាពល្អប្រសើរឡើង ។ ឯកឧត្តមទៀតបន្តថា វឌ្ឍនភាពនៃវិស័យឧស្សាហកម្មកាត់ដេនៅខេត្តស្វាយរៀង គឺបានរួមចំណែក យ៉ាងសំខាន់ជូនបងប្អូនប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូល ធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ទាំងនេះគឺជាការគិតគូរពីសុខទុក្ខ សុខមាលភាព និងផលប្រយោជន៍របស់បងប្អូនក្មួយៗនិយោជិតទាំងអស់ពីសំណាក់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោជាប្រមុខ។
       ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់កម្មករ និយោជិត កុំជឿតាមការញុះញង់របស់ក្រុមឃោសនាមួយចំនួន អំពីការដំឡើងប្រាក់ខែជាដើម ព្រោះបញ្ហាទាំងនេះរាជរដ្ឋាភិបាលបានគិតគូរប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការរក្សាឲ្យបាននូវសុខដុមនីយកម្ម និងផលប្រយោជន៍រួមរវាងរោងចក្រ និងកម្មករ។ ម្យ៉ាងទៀត កម្មករនិយោជិតទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា និងចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវបោះចូលសំរាមពាសវាលពាសកាលនៅ តាមដងផ្លូវពេលធ្វើដំណើរតាមរថយន្តជាដើមនោះទេ។ ឯកឧត្តមក៏បានឧបត្ថម្ភដល់កម្មករនិយោជិតដែលបានចូលរួមក្នុងម្នាក់ៗទទួលបានសារុង និងថវិកា១ម៉ឺនរៀល៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ