ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ធំ
April 29, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក ចាន់ តារា ជាអភិបាលរងខេត្តកំពង់ធំ ជំនួសឯកឧត្តម ហួន វ៉ាន់និត ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំជាច្រើនទៀត។
       ឯកឧត្តម សុខ លូ បានថ្លែងសុន្ទរកថាស្វាគមន៍ និងអរគុណឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
       ឯកឧត្តម ប៊ុន ហុន បានកោតសរសើរ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក បានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគ្រប់គ្រងសភាពការណ៍ក្នុងក្របខ័ណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រសើរ និងបានរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានជំរុញដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងកិច្ចការ ភូមិ-ឃុំ មានសុវត្ថិភាពបន្ថែមទៀត ដើម្បីបង្ក្រាបគ្រប់មុខសញ្ញា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការទទួលខុសត្រូវ របស់កងកម្លាំងសមត្ថកិច្ច ជួយជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងឲ្យឆ្ងាយពីគ្រឿង បង្ក្រាបបទល្មើសព្រៃឈើ ជលផល ឲ្យបានម៉ឺងម៉ាត់បំផុត។
      ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរតួនាទីភារកិច្ចនេះ គឺដោយសារឯកឧត្តមទាំងពីរបានដល់អាណត្តិបំពេញការងាររយៈពេល០៨ឆ្នាំ ក្នុងតួនាទីជាអភិបាលរងខេត្ត ស្របតាមច្បាប់កំណត់។ ការកំណត់គោលការណ៍នេះ គឺដើម្បីធានាឲ្យមន្ត្រីដឹកនាំនៅមូលដ្ឋាន បំពេញការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព រៀនសូត្រដកបទពិសោធន៍ក្នុងជួរមន្រ្តីដឹកនាំនៅថ្នាក់ក្រោមជាតិ ពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ឯកឧត្តម ចាន់ តារា ដែលទទួលបានការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋបាលខេត្តកំពង់ធំ ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។            ឯកឧត្តម ចាន់ តារា ដែលទើបទទួលបានការតែងតាំងជាអភិបាលរងខេត្តថ្មី បានឡើងប្ដេជ្ញាចិត្តខ្ពស់ ក្នុងចក្ខុវិស័យលើការងារដឹកនាំរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្តបានចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំនៅពេលនេះផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ