អភិបាលរងខេត្តក្រចេះ ស្នើឱ្យមន្ទីរសុខាភិបាលខេត្តយកចិត្តទុកដាក់លើកកម្ពស់សុខមាលភាពសង្គម និង ការថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ
April 25, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តក្រចេះមានរៀបចំទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺ គ្រុនចាញ់ ដែលប្រារព្ធឡើងនៅ ឃុំអូរគ្រៀង ស្រុកសំបូរក្រោមអធិបតីភាពលោកប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីមន្ត្រីរាជការក្រោមឪវាទិ៍មន្ទីរសុខាភិបាល មណ្ឌលសុខភាព អាជ្ញាធរស្រុក-ឃុំ ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា ៣៥០ នាក់  ។

     លោកវេ.ជ្ជ ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ៖ ទិវានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពិវិធានការការពារជម្ងឺគ្រុនចាញ់ និងជួយទប់ស្កាត់លប់បំបាត់ជម្រកមូស និងជម្រុញ បំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ និងប្រជាពលរដ្ឋដែលប្រកបរបបរកស៊ី និងធ្វើស្រែចំការក្នុងព្រៃ ។ ជាការឆ្លើយតបនូវបញ្ហានេះ ក្នុងឆ្នាំ ២០១៨មន្ទីរសុខាភិបាលខេត្តបានចែកម៉ុងជ្រលក់ថ្នាំមានប្រសិទ្ធភាពជូនដល់ប្រជាជនបានចំនួន ១៦៣.០០៩មុង និងមុងអង្រឹងចំនួន៦៥.៥៨០មុង និងចុះអប់រំសុខភាព ជោះឈាម ព្យាបាល ព្រមទាំងបង្កើត ពង្រីកអ្នកស្ម័គ្រចិត្តតាមមូលដ្ឋានផងដែរ។ បើប្រៀបធៀបក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨ករណីជម្ងឺគ្រុនចាញ់មានការថយចុះពី១.៩៧០ មកត្រឹម៣៨០ករណីនៅ ត្រីមាសទី១ឆ្នាំ២០១៩  ។

      លោកប៉ែន លីណាត អភិបាលរងខេត្ត មានប្រសាសន៏កោតសសើរ និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលក៏ដូចជាមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងជីវភាពរស់នៅ ទាំងសុខភាពអនាម័យ ព្រមទាំងមានកិច្ចសហការល្អរវាងអាជ្ញាធរក្នុងមូលដ្ឋាន ។ ដូច្នេះមន្ត្រីបំរើការនៃវិស័យសុខាភិបាលទាំងអស់នៅតាមបណ្ដាមូលដ្ឋានត្រូវធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ទាំងកាយវិកា ទាំងពាក្យសំដី ត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួនអោយបានត្រឹមត្រូវ ដើម្បីអោយប្រជាពលរដ្ឋមានជំនឿទុកចិត្ត គោរពស្រឡាញ់ និងសូមអោយបន្ដកិច្ចសហការជាមួយអង្គភាពជាដៃគូដើម្បីកាត់បន្ថយអត្រាជម្ងឺ និងអត្រាស្លាប់ដោយសារគ្រុនចាញ់នេះ  មិនត្រឹមតែប៉ុណ្ណោះត្រូវរួមគ្នាក្នុងការលប់បំបាត់អោយអស់ជាស្ថាពរនៃជម្ងឺគ្រុនចាញ់ស្របតាមផែនការយុទ្ធសាស្ត្រជាតិលប់បំបាត់ជម្ងឺគ្រុនចាញ់ឆ្នាំ២០១១.ឆ្នាំ២០២៥របស់រាជរដ្ឋាភិបាល  ។

     នៅក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត មានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋអោយចេះរស់នៅប្រកបដោយអនាម័យត្រូវមានបរិស្ថានល្អរស់នៅស្អាតហូបស្អាតទើបជីវិតយើងរស់នៅមានជីវភាពរុងរឿងនិងមានសុភមង្គលដែលកើតចេញពីយើងទាំងអស់គ្នាបានចូលរួមថែរក្សា។ចំពោះការការពាសូមអោយប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់គ្រូពេទ្យគឺត្រូវសម្រាកក្នុងមុងជ្រលក់ថ្នាំបើមានមុខសញ្ញាណាមិនស្រួលត្រូវទៅពិគ្រោះជម្ងឺជាមួយអ្នកស្មគ្រ័ចិត្តដែលមានជំនាញត្រឹមត្រូវឬទៅមណ្ឌលសុខភាពដែលជិតបំផុតដើម្បីពិនិត្យនិងព្យាបាលអោយចំមុខជម្ងឺចៀសវាងកុំមានជំនឿហួសហេតុទៅលើការបន់ស្រន់អារុក្ខអារៈអ្នកតាព្រៃភ្នំដោយមិនបានគិតពីបច្ចេកទេសវិជ្ជាសាស្ត្របច្ចុប្បន្ន។ទន្ទឹមនេះដែរសូមអោយប្រជាពលរដ្ឋត្រូវចេះសហការកុំជឿតាមការបំផុសញុះញង់ពីមជ្ឈដ្ឋានមួយចំនួនអោយមានការភ័យខ្លាចចំពោះក្រុមគ្រួពេទ្យចុះយុទ្ធនាការចាក់ថ្នាំបង្ការការពារជម្ងឺក្នុងមូលដ្ឋានបងប្អូន៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ