អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការដែលជាផលប្រយោជន៍ប្រជាពលរដ្ឋ
April 25, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហពន្ធយុវជនកម្ពុជាខេត្ត និងកងកម្លាំងប្រដាប់អាវុធនៃខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង រួមទាំងការក្សាបាននូវ សន្ដិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចជា៖ ១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។ ២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវបន្តការសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងថែរក្សាសុខភាព និងត្រៀមលក្ខណៈជានិច្ចក្នុងការថែរក្សាទឹកទុកប្រើប្រាស់ ស្របពេលដែលអាកាសធាតុបច្ចុប្បន្នកំពុង កើនឡើងនូវកម្តៅក្នុងរដូវប្រាំងនេះ។ ៣.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។ ៤- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំ និងជំរុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យអស់លទ្ធភាព ស្របតាមបញ្ហាដែលបានកើតឡើង ការសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។ ៥.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ រៀបចំវិធានការពង្រឹងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ