អភិបាលខេត្តសៀមរាប បានស្វាគមន៏ដំណើរទស្សនៈកិច្ចប្រតិភូអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសមនៅសាលាខេត្ត
April 24, 2019 អ្នកទស្សនា :

      ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបធ្វើការពិភាក្សា ជា​មួយ​អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំ​ដោយ ឯកឧត្តម Amphay KINDAVONG អមដំណើរដោយអគ្គកុងស៊ុល នៃសាធារណ​រដ្ឋប្រជា​ធិប​តេយ្យប្រជាមានិតឡាវប្រចាំខេត្តស្ទឹងត្រែង និងសហការី នៅសាលាខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩។

       ឯកឧត្តម Amphay KINDAVONG ក៏បានបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូ មកកាន់​ទឹកដី​ប្រវត្តិ​សាស្ត្រខេត្តសៀមរាប ដើមី្បធ្វើការសិក្សាស្វែងយល់ អំពីស្ថានភាព នៃវិស័យទេស​ចរណ៍​របស់​ខេត្តសៀមរាប។ ក្នុងនោះឯកឧត្តមប្រធានប្រតិភូ ក៏បានធ្វើការកោតសរសើរផងដែរ ពីកិច្ចអភិវឌ្ឍន៍​រីកចម្រើន នៃព្រះរាជាណាចក្រកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលប្រមូល​ផ្តុំទៅ​ដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត។ ម៉្យាងទៀត​ប្រទេសទាំងពីរ មានភូមិផងរបងជាមួយគ្នា និងមានវប្បធម៌ ប្រពៃណី សាសនាដូចគ្នា ដែល​ប្រជាជន​ទាំងពីរបានធ្វើការប្រតិបត្តិគ្នាទៅវិញទៅមកទៀតផង។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ពីភាពដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចទំនាក់ទំនងគ្នាល្អ ក្នុងការដោះស្រាយ​រាល់​​វិវាទជាមួយគ្នាប្រកបដោយសន្តិវិធី។  ឯកឧត្តម Amphay KINDAVONG ក៏បានឲ្យដឹងផងដែរថា ដំណើរបំពេញបេសកកម្មរបស់ប្រតិភូ និងធ្វើការទំនាក់ទំនងជាមួយបណ្តាខេត្តជាប់នៅព្រំដែនឡាវ ក្នុងការធ្វើពាណិជ្ជកម្មនឹងគ្នាទៀតផង ម៉្យាងទៀតដោយ ខេត្តសៀមរាបមានសម្បត្តិ​វប្បធម៌​ដ៏លី្បល្បាញ គឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសក្តានុពល មួយដ៏ខ្លាំងក្លា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះហើយទឹកដីនៃខេត្តសៀមរាប ទោះបីមិនជាប់នឹងប្រទេសឡាវ ក៏វាមិននៅឆ្ងាយ ពីគ្នាផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ក្នុងវិស័យអាកាសចរណ៍ ក៏មានក្រុមហ៊ុនអាកាសចរណ៍ឡាវ មួយបានកំពុងធ្វើអាជីវកម្ម នៅក្នុងខេត្តសៀមរាបផងដែរ។

     ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេស ទាំងពីរ កម្ពុជា ឡាវ មានជាយូលង់មកហើយ ព្រមទាំងបានប្រគៀកស្មាគ្នា ដើមី្បទាមទារនូវឯករាជ្យទឹកដី ពីពួក​អាណានិគមនិយមបារាំងសេសទៀតផង។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកពីសក្តានុពល​របស់ខេត្តសៀមរាប ដោយពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងកសិកម្ម ព្រមទាំង​បានលើក​ផងដែរ អំពីស្ថានភាពនៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដោយខេត្តសៀមរាប សម្បូរទៅដោយសម្បតិ្តវប្បធម៌ដ៏សម្បូរបែប ដែលមានរមណីដ្ឋានវប្បធម៌ និងធម្មជាតិជាច្រើនទៀត។ ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប ក៏មានទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជាមានិតឡាវ តាមរយៈខ្លឹមសារ អនុស្សរណៈ នៃការយោគយល់គ្នា រវាងខេត្តចំប៉ាសាក់ និង ខេត្តសៀមរាបនាឆ្នាំ២០១១ ដោយផ្តោតលើវិស័យ ទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត។ តែក្នុងរយៈពេលកន្លងមកនេះ ភាគីទាំងពីរមិនទាន់បានធ្វើអ្វីមួយរួមគ្នា  ដើមី្បជាគុណប្រយោជន៍គ្នាទៅវិញទៅមកឡើយ គឺបានត្រឹមផ្លាស់ប្តូរនូវ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តទាំងពីរតែប៉ុណ្ណោះ។ ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ជូនប្រតិភូផងដែរថា ចំពោះបងប្អូនប្រជាជនឡាវ ដែលមកស្នាក់នៅ​ខេត្តសៀមរាប ស្របច្បាប់ចំនួន ៤នាក់ ព្រមទាំងមានក្រុមហ៊ុនរបស់ជនជាតិឡាវ១ក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្ម។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅលើវិស័យកសិកម្ម និងពាណិជ្ជកម្ម រួមទាំង​វិស័យទេសចរណ៍ ដោយប្រទេសយើងទាំងពីរ មានស្ថានភាពភូមិសាស្ត្រដីដូចគ្នា ដែលមានទន្លេមេគង្គឆ្លងកាត់ដូចគ្នា ព្រមទាំងសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ ប្រពៃណី និង សាសនាផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ