រដ្ឋបាលខេត្ដព្រះសីហនុ រៀបចំបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់ខេត្ត
April 24, 2019 អ្នកទស្សនា :

          រដ្ឋបាលខេត្ដព្រះសីហនុ បានរៀបចំបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់ខេត្ត នៅសាលាខេត្ដព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ៣រោច ខែចេត្រ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមេសា គ.ស ២០១៩។

      ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា មានប្រសាសន៍ថា ការចុះបំពេញ​បេសកកម្មតាមខេត្តនេះ ដើម្បីស្វែងយល់អំពីវិស័យនានា ស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់ខេត្ដ។  ជាពិសេសការផ្គត់​ផ្គង់ទឹក​ស្អាតជូនប្រជាពលរដ្ឋ និងការងារបរិស្ថានចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់​ពីកិច្ចប្រជុំពិភាក្សារួចមក ក្រុមការងារក៏បានរកឃើញនូវបញ្ហាប្រឈមធំៗចំនួនពីរ គឺបញ្ហាធ​នធាន​មនុស្សនៅមានកម្រិត (សមត្ថភាពរបស់មន្ដ្រី) និងកញ្ចប់ថវិកាសម្រាប់ការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ខេត្ដនៅមានកម្រិតនៅឡើយ។ ឯកឧត្តម ជា វ៉ាន់ដេត បានជម្រុញឲ្យ​រដ្ឋបាល​ខេត្តព្រះ​សីហនុ ពង្រឹងធនធានមនុស្ស និងថវិកាសម្រាប់ការគ្រប់គ្រងខេត្ដព្រះសីហនុ។  ឯកឧត្ដមបន្ដថា ក្នុងនាមក្រុមការងារគណៈកម្មការទី៣ នៃរដ្ឋសភា លោកមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដោយមានការ​អភិវឌ្ឍយ៉ាងគំហុក ឃើញអាគារធំៗរីកដុះដាលព្រោងព្រាត ហើយឆ្លៀងឱកាសនេះ លោក សូម​កោត​សរសើរចំពោះរដ្ឋបាលខេត្ដ ដែលបានខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រងខេត្ដព្រះសីហនុ ទោះ​បីខេត្ដនូវមានបញ្ហាប្រឈមមួយចំនួនក្តី។ ខេត្ដព្រះសីហនុ ជាខេត្ដមួយ ដែលមានការរីក​លូតលាស់​ខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលផ្លូវហាយវេ ត្រូវបាន​សាងសង់បញ្ចប់​នៅប្រមាណ​២​ទៅ​៣ឆ្នាំខាងមុខនេះ។ ឯកឧត្ដម បញ្ជាក់បន្ថែមថា វាគឺជាបេសកកម្មលើកទី១ នៃដំណើរមកខេត្ដ​ព្រះសីហនុនេះ របស់​គណៈកម្មការទី៣ នៃរដ្ឋសភា នៅក្នុងអណ្ណត្ដិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយឡែកក្រុមការងារ ក៍ធ្លាប់បានទៅធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ និងពិភាក្សា ដើម្បី​សិក្សា​ស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់ខេត្ដផ្សេងៗកន្លងមកដែរ។

      ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ឆ្លើយតបទៅ​នឹងក្រុមការងារថ្នាក់ជាតិថា ក្នុងនាមរដ្ឋបាលខេត្ដ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ដ គ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្ដទុកដាក់ជួយគិត​គូរចំពោះ​ការដឹក​នាំ​របស់ខេត្ដ ហើយឯកឧត្ដម ប្ដេជ្ញាចិត្ដថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដឹកនាំ​គ្រប់គ្រងការ​អភិវឌ្ឍ​របស់ខេត្ដប្រកបដោយចីរភាព សុវត្ថិភាព បរិស្ថានល្អ ឲ្យសមស្របទៅនឹង​កិត្ដិនាម​ខេត្ដ​ទេសចរណ៍ មានឆ្នេរខ្សាច់ស្អាតជាងគេលើពិភពលលោក ជាតារារះនាទិសនារតី៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ