អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកសៀមប៉ាង
April 20, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបានខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរ-អង្គភាព និងអាជ្ញាធរស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង ចែកជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ចំនួន ៥ឃុំ ប៉ះភូមិចំនួន ៦ ក្នុងស្រុកសៀមប៉ាង មានដូចជា៖ ឃុំសេកុង ភូមិសៀមប៉ាង, ឃុំព្រែកមាស ភូមិពងក្រៀល, ឃុំសន្តិភាព ភូមិគិរីវង្សាក្រោម, ឃុំស្រែសំបូរ ភូមិកញ្ចាញគោគ ភូមិស្រែឬស្សី និងឃុំថ្មកែវ ភូមិផាបាំង ដែលមានទំហំខូចខាតប្រមាណ ៨០ខ្នង ផ្ទះ ស្មើនឹង ៨០គ្រួសារ។

      នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានសំដែងនូវទឹកចិត្តអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំង ព្រោះក្នុងកំឡុងពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសរីករាយសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្រាប់តែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងយើងជួបគ្រោះធម្មជាតិ បំផ្លិចបំផ្លាញលំនៅឋានបងប្អូនជាច្រើនខ្នងបែបនេះ។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការជម្ងឺឆ្លងនានា និងជាពិសេសទៅទៀតនោះសូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជារដូវក្តៅត្រូវរក្សាទឹកសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ហេីយរដូវនេះមានខ្យល់កន្ត្រាក់ច្រើន។

      ទន្ទឹមនឹងនោះឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មីកញ្ចប់១កេស, ឃីត១(មុង ភួយ សារ៉ុង និងក្រមា), ត្រីខ ១យួរ, កន្ទេល១, តង់១, ថវិកា៥០.០០០រៀល, ស័ង្កសីចំនួន ៨៥០សន្លឹក និងដែកគោល៥០គីឡូក្រាម សម្រាប់ ៨០គ្រួសារ។ សូមបញ្ជាក់ថាគ្រោះធម្មជាតិនេះមិនមានប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតនោះទេ មានតែស្រ្តីម្នាក់ទទួលរងរបួសបែកក្បាលបណ្តាលមកពីឈើធ្លាក់ដាក់ ហើយក៏ផ្តល់ថវិកាបន្ថែមមួយចំនួនទៀតផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ