អភិបាលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត
April 12, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ និងរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ពិធីនេះរៀបចំនៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត និងកងកម្លាំងទាំងអស់សរុបចំនួន ៣១៧នាក់។

      មានប្រសាសន៍សំណេះសំណាលទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាពនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះដោយក្តីនឹករលឹកបំផុត។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការ កោតសរសើរចំពោះកងកម្លាំងទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកប ដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារសន្តិសុខសុវត្ថិភាព បានល្អប្រសើរជូនដល់ប្រជាពលរដ្ននាពេលកន្លងមក។ ក្នុងនោះនាឱកាសបុណ្យចូលឆ្នាំថ្មី និងស្របពេលដែលខេត្តស្វាយរៀងបានរៀបចំនូវកម្មវិធីសង្ក្រាន្តស្វាយរៀង ឯកឧត្តមអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖ - គ្រប់ជំនាញទាំងអស់ដែលឈរជើងគ្រប់គោលដៅ និងអធិការក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាល ឃុំសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ - កងកម្លាំងទាំងអស់អាចឈប់សម្រាកបានមុនថ្ងៃចូលឆ្នាំមកដល់ ឬក្រោយចូលឆ្នាំ ប៉ុន្តែថ្ងៃចូលឆ្នាំត្រូវប្រមូលផ្តុំកម្លាំងសរុបការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អគ្រប់មូលដ្ឋាននៃខេត្តស្វាយរៀង។ - ប្រធាន អនុប្រធានការពារសន្តិសុខ សុវត្ថិភាព ថ្ងៃសង្ក្រាន្តត្រូវពង្រឹងសន្តិសុខឲ្យបានតឹងរឹងបំផុត ដើម្បីត្រៀមលក្ខណៈពិនិត្យគ្រប់មុខសញ្ញាល្មើសទាំងអស់ដែលចូលក្នុងខេត្តស្វាយរៀង និងចាត់វិធានការភ្លាមៗនៅពេលមានសកម្មភាពល្មើសកើតឡើង។ - ត្រូវផ្សព្វផ្សាយព័ត៌មាននៅក្នុងផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្ត ឬតាមប្រពន្ធផ្សព្វផ្សាយផ្សេងៗ អំពីការការពារសុវត្ថិភាពក៏ដូចជាការណែនាំពីវិធានការ ឬវិធីសាស្ត្ត្រការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ និងមធ្យោបាយនៃការផ្តល់ព័ត៌មានត្រឡប់មកដល់កងកម្លាំង ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។ -កម្លាំងនៅតាមមូលដ្ឋានត្រូវប្រមូលផ្ដុំកម្លាំងឈរជើងគ្រប់គោលដៅសំខាន់ៗដូចជា វត្តអារាម និងទីប្រជុំជនជាដើម។ -ត្រូវបង្កើនបង្គោលដៅបន្ថែមទៀតក្នុងការងារចរាចរណ៍ ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

      សូមបញ្ជាក់ថា អំណោយដែលជាគ្រឿងឧបភោគបរិភោគ ដែលត្រូវផ្ដល់ជូនកងកម្លាំងនគរបាលនាឱកាសនោះរួមមាន ៖ អង្ករចំនួន ១១៤បាវ ទឹកក្រូច ចំនួន ២៦៥កេស មី ១២៥កេស ទឹកត្រី ១១៤យួរ និង ស៊ីអ៊ីវ ចំនួន ១១៤យួរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ