អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសចូលកាន់តំណែងអភិបាល អភិបាលរងស្រុកត្បូងឃ្មុំថ្មី
April 10, 2019 អ្នកទស្សនា :

       អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការអភិបាល អភិបាលរងស្រុកត្បូងឃ្មុំថ្មី ដោយមាការចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណយ៉ាងច្រើនកុះករ។
      លោក បួន សេងសុវិត្យា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីប្រកាសតែងតាំងឲ្យចូលកាន់តំណែងនៅថ្ងៃនេះគឺ លោក សេង សុខខឿន ពីអភិបាលរងស្រុក មកកាន់ជាអភិបាលស្រុកត្បូងឃ្មុំ ជំនួសលោក កេង ប៊ុណ្ណា ត្រូវបានតំឡើងឋានៈទៅជា អភិបាលរងខេត្តត្បូងឃ្មុំ ជាមួយគ្នានេះ ក៏មានការតែងតាំងលោក  ជឺ អាន ជាអភិបាលរងស្រុកផងដែរ។

       ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។ លោកអភិបាលខេត្ត បានស្នើរអោយលោកអភិបាលស្រុក ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពស្រុក ត្រូវរក្សាសន្តិភាពអោយខានតែបាន ក្នុងនោះសន្តិសុខសណ្តាប់ធ្នាប់ ត្រូវធានាអោយបានជូនប្រជាពលរដ្ឋ ពិសេសជនត្រូវមានចំណាត់ការភ្លាមៗ ទៅលើអគិមួយចំនួនតូច ដែលមានគំនិតអាក្រក់កំពុងធ្វើ និងបន្តធ្វើទង្វើគ្រប់រូបភាព ចង់ផ្តួលរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម ។ ក្នុងចំនុចនេះ លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់លោក អភិបាល អភិបាលរងស្រុកថ្មី ត្រូវសហការជាមួយលោកមេឃុំ មេភូមិ ត្រូវក្តាប់អោយបានជនអគតិទាំងនេះ ដែលមានសកម្មភាព ក្នុងទឹកដីស្រុកត្បូងឃ្មុំ ដោយចាត់ការជាបន្ទាន់ កុំអោយជនទាំងនេះបង្កចលាចល ធ្វើអោយអសន្តិសុខក្នុងភូមិ ឃុំ ស្រុក ខេត្ត ក៍ដូចជាទូទាំងប្រទេស។

      ជាមួយគ្នានេះផងដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នា ដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជយ័ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព ព្រមទាំងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា បំផុសឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចេះស្រលាញ់បរិស្ថាន សម្អាតអនាម័យជុំវិញស្រុកត្បូងឃ្មុំ និងបំពេញឲ្យបាននូវតម្រូវការចាំបាច់របស់ពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់បងប្អូន។
      នាឳកាសនោះ បន្ទាប់ពីទទួលត្រារួចហើយ លោក សេង សុខខឿន អភិបាលស្រុកទើបឡើងកាន់តំណែងថ្មី និងលោក ជឺ អាន បានប្តេជ្ញាចំនួន៥ចំនុច ក្នុងនោះរួមមាន៖ ១.អនុវត្តឲ្យបានជាដាច់ខាតនូវរាល់គោលនយោបាយ ច្បាប់ សារាចរណែនាំ លិខិតបទដ្ឋាននានានៃរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងអនុសាសន៍ណែនាំនានារបស់ថ្នាក់ដឹកនាំ ២.ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល និងមន្ត្រីក្រោមឱវាទឲ្យបានល្អប្រសើរ បង្កើនទំនាក់ទំនងឲ្យបានស្អិតរមួតជួយយកអាសារគ្នាទៅវិញទៅមកជាមហាគ្រួសាររដ្ឋបាលស្រុកដ៏កក់ក្តៅ ៣.សហការបំពេញការងារឲ្យបានល្អប្រសើរជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក ៤.យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារស្មោះត្រង់បម្រើជាតិមាតុភូមិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិជាធំ ៥.ខិតខំអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ