រដ្ឋបាលខេត្តកណ្តាល បើកសន្និបាតបូកសរុបលទ្ធផលការងារ គោលនយោបាយ "ភូមិ  ឃុំ  មានសុវត្តិភាព" ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
April 05, 2019 អ្នកទស្សនា :

      នៅសាលាខេត្តកណ្តាល អភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ បានស្នើឲ្យ គណៈបញ្ជាការឯកភាពក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ «ភូមិ-ឃុំ មានសុវត្ថិភាព» ជាភារៈកិច្ចសំខាន់សម្រាប់កិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ឯកឧត្តមបានស្នើបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងប្រគល់-ទទួលប័ណ្ណសរសើរ លិខិតសរសើរ ដល់ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ដោយមានការ អញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ  អភិបាលរងខេត្ត  កងកម្លាំងទាំង៣  អភិបាល ក្រុង ស្រុក ទាំង១១ មន្ទីរ អង្គភាព ជុំវិញខេត្ត មេឃុំ ចៅសង្កាត់និង មេប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍  សរុបជាង៥០០នាក់។

      ឯកឧត្តមបន្តថា តាមលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ បានបង្ហាញឲ្យឃើញថា ក្នុងចំណោម ឃុំ សង្កាត់ទាំង១២៧ របស់រដ្ឋបាលខេត្តកណ្តាល ទទួលបានចំណាត់ប្រភេទ១ បានចំនួន៥០/៥៧ឃុំ ប្រភេទ២ ទទួលបាន ៦៩/៦១ ឃុំ-សង្កាត់ ចំណាត់ថ្នាក់ប្រភេទ៣ ទទួលបាន ៨/៩ឃុំ  និងគ្មានចំណាត់ថ្នាក់ មានចំនួន ០/០ឃុំ។

      ឯកឧត្តមបន្ថែមថា ទោះបីជាទទួលបានលទ្ធផលគួរជាទីមោទនៈក៏ពិតមែន ប៉ុន្តែការប្រព្រឹត្តទៅនៃចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” នៅមានបញ្ហាប្រឈមជាច្រើនដែលពាក់ព័ន្ធដល់ការងារពង្រឹងតួនាទីដឹកនាំ ការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ការកសាងកំលាំងប្រជាការពារ ការរៀបចំវេទិការសាធារណៈ ពិសេសការបំផុសចលនាប្រឡងប្រណាំង នៅមិនទាន់ស៊ីជំរៅ និងមានលក្ខណស្មុគស្មាញ និងបន្ទុកការងារកាន់តែច្រើន។ ដូចនេះគណៈបញ្ជាការឯកភាពក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ «ភូមិ-ឃុំ មានសុវត្ថិភាព» ជាភារកិច្ចសំខាន់សម្រាប់កិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ត្រូវបង្កើនការ ប្រមូលផ្តុំដឹកនាំក្នុងមូលដ្ឋានឲ្យចូលរួមសកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការកសាងផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ព្រមទាំងមានកម្មវិធីប្រជុំបូកសរុប ដកពិសោធន៍តាមដំណាក់កាលនីមួយៗ សំដៅកែលម្អបង្កើនប្រសិទ្ធភាពថែមទៀតសម្រាប់រដ្ឋបាលក្រុង-ស្រុករបស់ខ្លួន។ បង្កើនការរៀបចំវេទិកាសាធារណៈឲ្យកាន់តែសកម្មបន្ថែមទៀត ដោយយកចិត្តទុកដាក់ខ្ពស់អំពី គុណភាពនៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ព្រមទាំងខិតខំ ដោះស្រាយសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងឲ្យរួសរាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឲ្យវេទិកាសាធារណៈទទួលបាននូវគុណប្រយោជន៍ពិតៗ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមាសុវត្ថិភាព” ទទួលបានលទ្ធផលល្អ ធានាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ។

      បន្ទាប់មកឯកឧត្តមបាន ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០១៨៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ