ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២
April 05, 2019 អ្នកទស្សនា :

      ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ការបា្ររព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើទី១២នៅពេលនេះគឺជាការវាយជួងជាថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអោយលាន់សូររំពងសព្វទិសទី រួមជាមួយការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអស់ អោយខិតខំផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់ពីមុនអោយមកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ  ដើម្បីកាត់បន្ថយទុក្ខសោកនិងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

      ឯកឧត្តមឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះ នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានធ្វើឡើងនៅតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំងដែលមានមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៦៤៨នាក់។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេច ហ៊ុន សែន ថ្ងៃនេះ និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមម៉ូតូនិងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្តិភាពពេលជិះរថយន្ត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍  មិនត្រូវបើកបរក្នុងស្ថានភាពងងុយគេងឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ ទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។ តាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមក៏បានសំណូមពរ ដល់អ្នករត់តាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់សូមកុំតំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

      លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋាន សុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងនៅក្នុងឆ្នាំ២០១៨ចំនួន១១៣លើកកើនឡើងចំនួន៣៥លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ចំនួន៧៨លើក។ បណ្តាលអោយរបួសចំនួន១៦៥នាក់ ប្រៀបធៀបឆ្នាំ២០១៧ ចំនួន១៧៩នាក់ ថយចុះ១៤នាក់ និងបណ្តាលអោយស្លាប់៤៤នាក់ ប្រៀបធៀបឆ្នាំ២០១៧ ចំនួន៣៣នាក់ កើនឡើង១១នាក់់។

      លោក កែវ ពៅ បានបញ្ជាកទៀត់ថា៖ គ្រោះថ្នាក់បណ្តាលមកពីកត្តា៣សំខាន់ៗគឺៈ ១.កត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្តិភាព និងមិនពាក់ខ្សែក្រវ៉ាត់ជាដើម។ ២.កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំងមិនស៊ី កង់ចាស់ភ្លើងមិនភ្លឺ  ស៊ីផ្លេមិនឮជាដើម។ ៣.កត្តាផ្លូវៈ ផ្លូវគ្រលុក  ផ្លូវកោងខ្លាំង  ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍។ នៅក្នុងពិធីនេះដែរ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបាន ចែកមួកសុវត្ថិភាពចំនួន៣៣០មួក ដល់សមាជិកសមាជិកាចូលរួមផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ