អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែន
April 04, 2019 អ្នកទស្សនា :

        នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងបងប្អូនជនពិកាប្រភេទ១ ជាសមាជិកសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង ដែលរៀបចំនៅបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦១១ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុកលោកនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការវរៈព្រំដែនទាំង៤ កងកម្លាំងវរៈព្រំដែន និងអតីតយុទ្ធជនសរុបចំនួន ៥៥៤នាក់។

        នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុត។

      ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការ កោតសរសើរចំពោះកងកម្លាំងវរៈសេនាតូចទាំង៤ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

       ឯកឧត្តមអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖

- ត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។

-  ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែន។

-  ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធា។

- ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់។

- ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង។

-ត្រូវចូលរួមថែរក្សាបង្គោលព្រំដែនដែលបានបោះរួច និងការពារដំណើរការបោះបង្គោលព្រំដែនដែលនៅសេសសល់ ។

- ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន ការជ្រៀតចូលនៃជនអន្តោប្រវេសន្តខុសច្បាប់ និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ព្រមទាំងកិច្ចការសំខាន់ៗផ្សេងទៀតដែលបានដាក់ចេញ ។

        ជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខ ឯកឧត្តម អភិបាលខេត្តបាននាំមកនូវអំណោយសម្រាប់វរៈការពារព្រំដែននីមួយៗទទួលបាន អង្ករ មី ទឹកក្រូច ស្រាបៀ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ និងនំអន្សម ហើយកងកម្លាំងនគរបាល និងយោធាវរៈ ទាំង៤ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល បងប្អូនអតីតយុទ្ធជន៣០នាក់ ម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥០.០០០រៀល ៕យ៉ាមី

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ