អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខាភិបាលខេត្ត
April 04, 2019 អ្នកទស្សនា :

      លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខាភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលបានថ្លែងថា បន្ទាប់ពីសន្និបាតបានដំណើរការរយៈពេលមួយថ្ងៃពេញតាមកម្មវិធីដែលបានគ្រោងទុក និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងន័យស្ថាបនា អង្គសន្និបាតបានកត់សម្គាល់ថាតាមរយៈកំណើននៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋក្នុងនោះករណីពិនិត្យជម្ងឺក្រៅមានចំនួនសរុប៩០១,២៧០ករណី និងករណីថ្មីមានចំនួន ៧៧៩,១៨០ករណី  រីឯអត្រាការស្លាប់របស់អ្នកជំងឺសម្រាកព្យាបាលមានកម្រិតទាបត្រឹម ០.០៧ %ក្នុងឆ្នាំ ២០១៨។

      លោកបានបន្តថា សម្រាប់ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន៦៦% នៃចំនួនស្ត្រីមានគភ៌ ៣២,៤៨២នាក់ ទិន្នន័យនេះបញ្ជាក់ថាសេវាសម្ភព សង្គ្រោះបន្ទាន់ និងថែទាំទារកត្រូវបានពង្រីក ដែលធ្វើឱ្យអត្រាមរណភាពមាតា និងទារកថយចុះថែមទៀតនៅក្នុងបណ្ដាឆ្នាំខាងមុខនេះ។

       សម្រាប់ទិសដៅការងារឆ្នាំ ២០១៩នេះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ទីរនិងបង្កើនការសំរាលកូនដោយឆ្មបជំនាញ ពង្រឹងសេវាសម្ភពសង្គ្រោះបន្ទាន់ សេវាថែទាំទារក ពង្រីកសេវាផ្ដល់  ពន្យារកំណើតទំនើប បង្កើនអត្រានៃការផ្តល់វ៉ាក់សាំងបង្ការ និងលើកកម្ពស់គុណភាពសេវាសុខភាពមាតាទារក និងកុមារឲ្យកាន់តែប្រសើរឡើងថែមទៀត។ ពិសេសមន្ទីរនឹងបន្តពង្រីក និងពង្រឹងប្រព័ន្ធសុខាភិបាលដោយបង្កើតអោយមានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព បំពាក់ដោយឧបករណ៍បរិក្ខារពេទ្យទំនើបៗ ពង្រឹងការគ្រប់គ្រងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជនឲ្យប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈល្អក្នុងការផ្ដល់សេវាសុខភាពជូនដល់អ្នកជំងឺ។

          ថ្លែងបិទអង្គសិក្ខាសាលានេះ លោក គីម រិទ្ធីអភិបាលរង ខេត្តកណ្តាល វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តគ្រប់លំដាប់ថ្នាក់ ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងនាពេលកន្លងមក។ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំធ្វើការទំនាក់ទំនង និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសអាជ្ញាធរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងវិស័យពាក់ព័ន្ធនានា ដើម្បី បន្តពង្រឹងប្រព័ន្ធសុខាភិបាលឲ្យមានគុណភាព និងមានក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យទូទាំងខេត្ត ឲ្យស្របទៅតាមនីតិក្រមសុខាភិបាល ពិសេសត្រូវអប់រំណែនាំប្រជាពលរដ្ឋ ជាពិសេសយុវជនឲ្យចេះលេងកីឡាដើម្បីកាត់បន្ថយជំងឺកាចសាហាវផ្សេងៗដែលពិបាកក្នុងការព្យាបាលដូចជាជំងឺលើសឈាម ជំងឺដាច់សរសៃឈាមជាដើម៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ