អភិបាលខេត្តត្បូងឃ្មុំ ហាមដាច់ខាតការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុងទឹកដីខេត្តនេះ
April 04, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃទីបញ្ជាការវរៈការពារព្រំដែនគោកលេខ០២ ចំណុះអោយតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងស្រុកពញាក្រែក និងទីបញ្ជាការវរៈការពារព្រំដែនគោកលេខ៦១៥ នៅក្នុងស្រុកពញាក្រែក និងលេខ៦១៧ ក្នុងស្រុកមេមត់ ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។

      នៅចំពោះមុខកងកម្លាំងយោធា និងនគរបាលវរៈការពារព្រំដែនទាំង៣ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការកោតសសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងវរៈការពារព្រំដែន ដែលបានប្រឹងប្រែង ធ្វើពលីកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាជន និង សង្គមជាតិ ។

     ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងជំរុញឲ្យខិតខំបំពេញភារកិច្ចការងារ រឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យអោយបានល្អ  រួមគ្នាការពារសន្តិសុខតាមខ្សែក្រវ៉ាត់ព្រំដែន ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាពជាមួយប្រទេសជិតខាង ព្រមទាំងមានកិច្ចសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាឲ្យបានល្អ នូវសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ឲ្យកាន់តែល្អជាបន្តទៀត។

     បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំអោយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធទាំងអស់ សហការរួមគ្នាបង្ក្រាបរាល់បទល្មើសផ្សេងៗ អោយខានតែបាន ពិសេសហាមដាច់ខាត ការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុងទឹកដីខេត្តត្បូងឃ្មំ ខណៈវៀតណាមកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច ដែលទាមទារអោយយើងត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព៕ យ៉ាមី

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ