អភិបាលខេត្តព្រះវិហារ នឹងចាត់វិធានការណ៍ឱ្យបានខ្លាំងក្លាចំពោះសកម្មភាពការដាក់ប៉ុស្តិ៍អនាធិបតេយ្យ ព្រមទាំងស្នើឲ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់នូវព័ត៌មានមិនពិតក្នុងសង្គម
April 01, 2019 អ្នកទស្សនា :

       រសៀលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវថ្ងៃទី០១ខែមេសាឆ្នាំ ២០១៩ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុងសុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្តមេបញ្ជាការកម្លាំងទាំង បីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកជាច្រើនរូបផងដែរ។

       ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ស្នើសុំឲ្យអ្នកសារព័ត៌មានក្នុងខេត្តទាំងអស់អនុវត្តការងារផ្សព្វផ្សាយព័ត៌មាននានា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈការផ្សព្វផ្សាយព័ត៌មានពិតប្រាកដភាពស្មោះត្រង់និងទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាអ្នកសារព័ត៌មានគឺជាភ្នាក់ងារដ៏មានសារៈសំខាន់រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការបំពេញការងារតួនាទីនិងការអភិវឌ្ឍន៍នានារបស់ថ្នាក់ក្រោមជាតិ ជូនដល់ថ្នាក់ដឹកនាំជាតិ។

      ឯកឧត្តមអភិបាលខេត្ត បានសំណូមពរចំនួន ៣ ចំណុចដល់អ្នកសារព័ត៌មានក្នុងខេត្តដូចខាងក្រោម៖
១.អ្នកសារព័ត៌មានជាដៃគូដ៏ល្អដែលមិនអាចខ្វះបានក្នុងកិច្ចការងារអភិវឌ្ឍន៍  និងការរីកចម្រេីនក្នុងមូលដ្ឋាន  ដែលបានពាំនាំការងារអភិវឌ្ឍន៍  និងព័ត៌មានផ្សេងៗក្នុងខេត្តជូនសាធារជន  ដូច្នេះស្នើសុំអោយអ្នកសារពត៌មានប្រកាន់នូវជំហរស្មោះត្រង់ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិត  និងជាក់លាក់ក្នុងសង្គមជៀសវាងការផ្សព្វផ្សាយបំភ្លឺបំភ្លៃការពិតដែលបង្កឲ្យមានបញ្ហាប៉ះពាល់ផ្សេងៗក្នុងសង្គម។ ២.ត្រូវបន្តពង្រឹងការផ្សព្វផ្សាយព័ត៌មានដែលទទួលបានការចាប់អារម្មណ៍ដែលរួមមានសមិទ្ធផលសំខាន់ៗការអភិវឌ្ឍក្នុងខេត្តនិងគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលក៏ដូចជាសកម្មភាពផ្សេងៗទៀតដែលបម្រើនូវឧត្តមប្រយោជន៍ជាភ្នាក់ងារដ៏មានសារៈសំខាន់ក្នុងខេត្តជៀសវាងការធ្វើអោយប៉ះពាល់បង្កសន្តិសុខសុវត្ថិភាពសង្គម កិតិ្តយសសេចក្ដីថ្លៃថ្នូរបស់អ្នកដទៃក៏ដូចជាថ្នាក់ដឹកនាំតាមរយៈការបំភ្លៃព័ត៌មានមិនពិតរបស់ខ្លួន។ ៣.ខិតខំជួយបកស្រាយ  និងទប់ស្កាត់នូវព័ត៌មានមិនពិតមកលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិងចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់នូវសារពត័មានក្លែងក្លាយឲ្យទទួលបាននូវប្រសិទ្ធភាពព្រមទាំងធ្វើអោយយ៉ាងណាប្រែក្លាយជាសង្គមព័ត៌មានទទួលបាននូវភាពត្រឹមត្រូវនិងការពិតនាថ្ងៃអនាគត។
       បន្ថែមពីនេះទៀតឯកឧត្តមអភិបាលខេត្តនឹងចាត់វិធានការណ៍ឱ្យបានខ្លាំងក្លាចំពោះសកម្មភាពការដាក់ប៉ុស្តិ៍អនាធិបតេយ្យដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តនិងសំណូមពរឱ្យថ្នាក់ដឹកនាំក្រុងស្រុកខណ្ឌមន្ទីរអង្គភាពជុំវិញខេត្តសូមកុំទុកអ្នកសារព័ត៌មានជាយន្តការដោយឡែកក្នុងកិច្ចការងារដឹកនាំរបស់ខ្លួនឲ្យសោះត្រូវចូលរួមទាំងអស់គ្នាក្នុងទិសដៅរួមគឺរក្សាសុខសន្តិភាព ការអភិវឌ្ឍឲ្យបានគង់វង្សយូរអង្វែងជូនជាតិមាតុភូមិយើង។

      ក្នុងឱកាសនោះឯកឧត្តមអភិបាលថវិកាឧត្ថម្ភជូនដល់អ្នកសារព័ត៌មានចំនួន៣៩នាក់ ម្នាក់ៗទទួល បានថវិកា១០០.០០០រៀលផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ