អភិបាលខេត្តត្បូងឃ្មុំ ស្នើឱ្យមន្ទីរកសិកម្មខេត្ត សហការជាមួយសមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់ ហាមដាច់ខាតមិនឱ្យមានការនាំចូលជ្រូកមកពីប្រទេសជិតខាង ពិសេសការចរាចរបទល្មើសព្រៃឈើ ដែលឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ
March 27, 2019 អ្នកទស្សនា :

      ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្នើដល់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពិសេសមន្ត្រីជំនាញ ត្រូវសហការជាមួយសមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់ ត្រូវសហការគ្នាហាមដាច់ខាត មិនអោយមានការនាំចូលជ្រូកមកពីប្រទេសជិតខាងនោះឡើយ ព្រោះថាជំងឺបេស្តជ្រូកអាហ្វ្រិច កំពុងផ្ទុះ និងរីករាលដាល ដែលទាមទារអោយយើងត្រូវប្រុងប្រយ័ត្ន ក្នុងការនាំចូល និងលក់នៅលើទីផ្សារ សម្រាប់ប្រជាពលរដ្ឋទិញយកទៅបរិភោគ។ 
 
       ថ្លែងបែបនេះក្នុងឱកាស ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៩-២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។ ក្នុងនោះឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលបានបំពេញភារកិច្ចកន្លងមក ធ្វើអោយវិស័យកសិកម្មក្នុងខេត្ត ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដែលជួយសម្រួលកម្រិតជីវភាពរបស់ប្រជាកសិករ ក៍ដូចជាអាជីវករ និងពាណិជ្ជករ និងពលរដ្ឋទាំងអស់ក្នុងខេត្ត។ 
       ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថា ខេត្តត្បូងឃ្មុំ ជាខេត្តដែលមិនមានព្រៃឈើ សម្រាប់កាប់ប្រព្រឹត្តបទល្មើសខុសច្បាប់នោះឡើយ ដូច្នេះលោកបានក្រើនរំលឹកដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ត្រូវបង្ការទប់ស្កាត់ឲ្យបាន និងមានប្រសិទ្ធភាពខ្ពស់ នូវរាល់បទល្មើសព្រៃឈើ ដែលដឹកឆ្លងកាត់ខេត្តត្បូងឃ្មុំ ។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានស្នើផងដែរ ដល់នាយខណ្ឌជលផលខេត្ត ត្រូវទប់ស្កាត់អោយខានតែបាន នូវបទល្មើសជលផលគ្រប់ប្រភេទ ដែលកើតមានលើផ្ទៃទឹកក្នុងដែនដីខេត្តត្បូងឃ្មុំ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ