រដ្ឋបាលខេត្តស្វាយរៀង ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងាត្រីមាសទី២ ឆ្នាំ២០១៩
March 26, 2019 អ្នកទស្សនា :

       នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងាត្រីមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង/ស្រុក កងកម្លាំងទាំង៣ និងទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្តជាច្រើនរូបទៀត ។

      នាឱកាស ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដមអភិបាលខេត្តបានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-ត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតចំពោះបញ្ហាឈ្មួញទុច្ចរិត លួចដឹកជ្រូកចូលមកតាមច្រកនានាពីប្រទេសវៀតណាម។ 
២-ត្រូវរៀបចំតុបតែងលាបថ្នាំ សម្អាតទីធ្លាកន្លែងធ្វើការ កែលម្អភ្លើងបំភ្លឺសាធារណៈ និងតុបតែងភ្លើងលម្អ នៅតាមបណ្តាមន្ទីរ-អង្គភាពរៀងៗខ្លួនមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់។ 
២-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវរៀបចំឈូសឆាយ ក្រាលខ្សាច់ភ្នំ ស្រោចទឹក តាមបណ្តោយ ច្រាំងទន្លេវៃគោ និងកែសម្រួលផ្លូវវាងខាងក្រោមស្ពានតាហោ ដោយរៀបចំឲ្យមានរនាំងការពារសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍ និងដាក់ភ្លើងបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើឆ្លងកាត់ទៅមក នា ឱកាសបុណ្យចូលឆ្នាំថ្មី និងចូលរួមពិធីសង្រ្កាន្តស្វាយរៀងនាពេលខាងមុខ។
៣- អាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំអប់រំផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងបង្ការគ្រោះអគ្គិភ័យ ដែលបង្កឡើងនៅក្នុងរដូវប្រាំងខាងមុខ ។
៤-ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវមានវិធានការទប់ស្កាត់ និង អន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងករណីមានអគ្គិភ័យកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
៥-ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំឲ្យមានវេនប្រចាំការ និងផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
៦-មន្ទីរពាក់ព័ន្ធត្រូវចាត់តាំងឲ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ និងទប់ស្កាត់ឲ្យបាននូវល្បែង ណាដែលប្រាសចាកនឹងច្បាប់ និងខុសប្រពៃណីជាតិ។
៧-ពង្រឹងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ តាមបណ្តាច្រករបៀង និងកុំឲ្យមានទំនិញខុសច្បាប់គ្រប់ប្រភេទ ឆ្លងកាត់រួមទាំងជនអន្តោប្រវេសន៍។
៨-គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ