រដ្ឋបាលខេត្តសៀមរាប ប្រជុំគណៈកម្មការត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩
March 23, 2019 អ្នកទស្សនា :

      នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មការរៀបចំ ព្រឹត្តការណ៍សៀមរាបសង្រ្កាន្ត ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកសមាជិកាគណៈកម្មការ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ នារសៀលថ្ងៃ សុក្រ ទី ២២ ខែ មីនា ឆ្នាំ២០១៩ ។

       បន្ទាប់ពីឯកឧត្តមប្រធាននៃអង្គប្រជុំ បានដាក់នូវរបៀបវារៈនៃកិច្ចប្រជុំរួចមក ក្រុមការងាររបស់សហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត បានធ្វើបទបង្ហាញ អំពីគម្រោងរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ និង រៀបចំការតាំងបង្ហាញអំពីការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញពីកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង ដើមី្បជាទីកន្លែងបង្កលក្ខណៈជូនដល់ប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្តសប្បាយ និង ទស្សនានូវការសម្តែងផ្ទាំងទស្សនីភាព សិល្បះរបាំបុរាណខ្មែរ និង ល្បែងប្រជាប្រិយ៍  នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៩នេះ ។

       អាជ្ញាធរជាតិអប្សរា ក៏បានលើកផងដែរ អំពីគម្រោងនៃភូមិខ្ញុំ ដែលធ្វើការ សាងសង់ នៅតាមបែបលំនៅដ្ឋានពីបុរាណកាល ក្នុងការបង្ហាញ  ពីវប្បធម៌ អរីយធម៌របស់ប្រជាជនខ្មែរនាសម័យអង្គរ ។ ម៉្យាងទៀតក៏ជាធ្វើការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅក្នុងខេត្តសៀមរាប ។

      ក្នុងនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ ក៏សូមឲ្យគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ លើកនូវគម្រោងរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈ ចូលរួមក្នុងព្រឹត្តិការណ៍សៀមរាប សង្ក្រាន្ត ឆ្នាំ២០១៩នេះ ព្រមទាំងសូមឲ្យធ្វើការលម្អិតនូវគម្រោងរបស់ខ្លួន ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ជា៦ឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគ ជ័យទៀតផង ហើយឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីយើងធានាបានល្អយ៉ាងណា ក៏យើងមិនត្រូវមានមោទកភាព និង ការធ្វេសប្រហែស កិច្ចការទាំងនេះឡើយ  គឺត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេរឡើង  ចំពោះកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធគ្រប់ប្រភេទ ដោយត្រូវមានការចូលរួមពី ប្រជាពលរដ្ឋផងដែរ និងការផ្គត់ផ្គង់ថាមពល អគ្គិសនី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺត្រូវត្រៀមឲ្យបាននូវគ្រប់លក្ខណៈ ក្នុងពេលមានបញ្ហាការដាច់នូវចរន្តអគ្គិសនី នៅក្នុងពិធី។  ម៉្យាងទៀតគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជន ដែលមានការពាក់ព័ន្ធ  ចំពោះបញ្ហា អនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និង ទីចំណតរថយន្ត គ្រប់ប្រភេទទៀតផង ។ 

      ឯកឧត្តមបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០១៩នេះ នឹងដំណើរការទៅតាមកម្មវិធីដែលបានព្រៀងទុក ហើយចំពោះការស្រង់ ព្រះនោះ គឺប្រព្រឹត្តធ្វើទៅតាមក្បួនច្បាប់ ប្រពៃណី សាសនាតាំងពីបុរាណកាលតរៀងមកផងដែរ ។  ព្រមទាំងត្រូវរៀបចំទីកន្លែងកម្សាន្តជូន ដល់ប្រជាពលរដ្ឋ និង យុវជន កុមារាកុមារី បានចូលលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងនេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់នូវ បទបញ្ជាដល់ ក្រុមការងារសាលាខេត្តសៀមរាប ធ្វើការរៀបចំលម្អរភ្លើង តាមដងផ្លូវ ដើមី្បរំលេចនូវសោភណ្ឌភាពសម្រស់បៃតង នៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត  ជាសំខាន់នូវក្នុងឱកាសព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០១៩ ដែលនឹងចូលមកដល់ពេលខែខាងមុខនេះ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ