អភិបាលរងខេត្តស្វាយរៀង ស្នើឱ្យសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី១ខ្នង
March 23, 2019 អ្នកទស្សនា :

       លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី១ខ្នង  ស្ថិតនៅសាលាបឋមសិក្សាឡឹកសំបុណ្យ ល័ក្ខរាជា ស្ថិតនៅភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ដែលជាអំណោយរបស់សប្បុរសជន រួមមាន លោកព្រឹទ្ធាចារ្យ ម៉ៅ លន់ និងលោកឧបាសិកា យ៉ិក ស៊ុណ្ណារ៉ាត លោកជំទាវ ម៉ៅ ណារ៉ា ឯកឧត្តម ម៉ៅ សោភ័ណ រួមទាំងសប្បុរសជនមួយចំនួនទៀតមាន ៥បន្ទប់ មានបំពាក់គ្រឿងសង្ហារឹម សម្ភារសិក្សា និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ ដែលចំណាយអស់ថវិកាសរុប  ៧២.២៩០ដុល្លារ។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋានលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រីជាសប្បុរសជនជិតឆ្ងាយជាច្រើនរូបផងដែរ។

      ថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ៣០០នាក់ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោកអភិបាលរងខេត្តបានលើកឡើងថា ស្របពេលដែលមានសាលារៀនល្អ សូមសិស្សានុសិស្សត្រូវយកចិត្តទុកដាក់រៀនសូត្រ ក្រេបយកចំណេះវិជ្ជាដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាទំពាំងស្នង ឫស្សីនៃប្រទេសជាតិប្រកបដោយចំណេះ ជំនាញពិតប្រាកដ។លោក រស់ ផារិទ្ធ បានបន្តទៀតថា លោកគ្រូ អ្នកគ្រូគួរគប្បីយកចិត្តទុកដាក់ខិតខំធ្វើការ សិក្សាស្រាវជ្រាវស្វែងយល់នូវចំណេះដឹងថ្មីៗថែមទៀត និងអនុវត្តតាមនិយាមគរុកោសល្យ ឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់គុណភាពអប់រំផ្តល់ ចំណេះដឹងដល់សិស្សានុសិស្ស ទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ហើយក្រសួងអប់រំបានធ្វើការកំណែទម្រង់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដោយអនុវត្តតាមគោលការណ៍ «អ្នកចេះគឺជាប់»។

      អភិបាលរងខេត្ត បានជំរុញដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន មិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ព្រោះគ្រឿងញៀននាំឲ្យអន្តរាយដល់សុខភាព និងអាយុជីវិត ប៉ះពាល់សតិបញ្ញាស្មារតី និងបំផ្លាញអនាគតខ្លួនឯង និងប៉ះពាល់ដល់សង្គមជាតិទៀតផង។ ហើយបានផ្តាំផ្ញើដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃព្រមទាំងការពារសណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិនិងផលប្រយោជន៍សាធារណៈ និងបានផ្តាំផ្ញើដល់អាជ្ញាធរ ដែនដី ស្រុក ឃុំ និងការិយាជំនាញពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ព្រោះនៅរដូវប្រាំងនេះ ប្រទេសកម្ពុជាយើងទទួលរងដោយប្រយោលពីឥទ្ធពលបាតុភូត អ៊ែលនីណូ បង្កឲ្យធាតុអាកាសក្តៅ ហួតហែង សីតុណ្ហភាពអាចឡើងដល់៤០ទៅ៤២អង្សាសេ មានភ្លៀងកក់ខែតិច មានបាតុភូត ផ្គរន្ទះនិងខ្យល់កន្ត្រាក់កើតឡើង ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័ខ្ពស់បញ្ចៀសការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

     សូមបញ្ជាក់ពិធីនេះ ក៏មានការចែកជូននូវអំណោយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជីតាជី ប្រជាពលរដ្ឋ កងកម្លាំងទាំងបីប្រភេទនិងប្រគល់ជូនថវិការដល់សាលារៀនបឋមសិក្សាឡឹកសំបុណ្យ ចំនួន៨លានរៀនផងដែរ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ