អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមា ព្រះវិហារវត្តបុព្វវ័ន្ត នៅស្រុកប្រាសាទបល្ល័ង្គ
March 19, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារវត្តបុព្វវ័ន្ត ហៅវត្តខ្មាក់ ស្ថិតនៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ផងដែរ។

      យោងតាមរបាយការណ៍របស់លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ព្រះវិហារនេះមានបណ្តោយប្រវែង ២៤.៥០ម៉ែត្រ ទទឹង ១៨ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ សាងសង់រយៈពេល ១២ឆ្នាំ ចំណាយអស់ទឹកប្រាក់សរុបចំនួន ១.២៨០.០០០.០០០៛ (មួយពាន់ពីររយប៉ែតសិបលានរៀល)។

      ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ក៏បានអបអរសាទ និងថ្លែងអំណរគុណរចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ដែលកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។ សមិទ្ធផលទាំងអស់នេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

      លើសពីនេះ ឯកឧត្តម បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយបន្តពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈកាន់តែប្រសើរឡើងថែមទៀត។ ម្យ៉ាងវិញទៀត កងកម្លាំងជំនាញពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នាទប់ស្កាត់បទល្មើសនានា ដូចជាបទល្មើសនេសាទ ព្រៃឈើ គ្រឿងញៀន និងចោរកម្ម ជាដើម។ល។

     ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ស្គាល់បុណ្យ ស្គាល់បាប ទន្ទឹមនឹងនោះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

     គួររំលឹកដែរថា នៅក្នុងពិធីកាត់ឫសសីមាព្រះវិហារនេះ ឯកឧត្តម សុខ លូ បានចូលរួមបច្ច័យចាប់មគ្គផលចំនួន ១៥លានរៀល និងមានការចូលរួមពីប្រតិភូអមដំណើរផ្សេងទៀត សរុបទាំងអស់បានចំនួន ១៧លានរៀល និង២៩៥ដុល្លាអាមេរិក ក្នុងនោះ ក៏មានការចែកអំណោយជូនតាជី យាយជី ចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ៥ពាន់រៀល លោកគ្រូ អ្នកគ្រូ ចំនួន ១៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល សិក្សានុសិស្ស ចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបាន សៀភៅ ១ក្បាល ប៊ិច ២ដើម និងថវិកា ៥ពាន់រៀល៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ