អភិបាលខេត្តកំពង់ចាម អំពាវនាវអោយគ្រប់គ្រឹះស្ថានទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ជាពិសេសនារដូវក្ដៅខាងមុខនេះ
March 19, 2019 អ្នកទស្សនា :

      អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានប្រារព្ធ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នៅវិទ្យាល័យព្រៃទទឹង ស្រុកព្រៃឈរ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញ ចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១២០០នាក់ ។
     ជាមួយនិងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែល កន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរនោះ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ ឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ជាពិសេសនារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម ។
      ឯកឧត្ដម គួច ចំរើន អភិបាលខេត្តបានជំរុញឲ្យប្រជាពលរដ្ឋត្រូវត្រៀមទឹក និងបំពង់ពន្លត់អគ្គិភ័យ ក្នុងរដូវក្តៅហួតហែង ជាពិសេសប្រភពទឹកដោយអាជ្ញាធរខេត្ត ខិតខំជួសជុល និងស្តារឡើងវិញនូវអណ្តូង ស្រះទឹក ដោយត្រូវសន្សំទឹក ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ កុំឲ្យមានប្រឈមគ្រោះរាំងស្ងួត និងអាកាសធាតុមានលក្ខណ:កម្តៅខ្លាំង អាចបង្កឲ្យកើតជាបញ្ហាអគ្គិភ័យឆាបឆេះថែមទៀតផង៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ