រដ្ឋបាលខេត្តពោធិ៍សាត់​ នឹងដាក់អោយដំណេីរការ សហគមន៍ទេសចរណ៍ឃុំរាំងទិល នៅលើផ្ទៃទឹកបឹងទន្លេសាប​ នៅក្នុងអំឡុងខែសីហាខាងមុខ
March 15, 2019 អ្នកទស្សនា :

     ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានលើកឡើងថា ឯកឧត្តមគ្រោងនឹងបង្កើតសហគមន៍ទេសចរណ៍មួយ នៅឃុំរាំងទិល សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលស្រលាញ់ធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាប។ ហើយសហគមន៍ទេសចរណ៍នេះ នឹងត្រូវធ្វើឡើងអំឡុងខែសីហា នៃរដូវទឹកឡើងខាងមុខ ដោយមានការដឹកជញ្ជូនគ្រប់មធ្យោបាយទូក និងអាហារដ្ឋាន ទៅតាមគ្រួសារទូកនីមួយៗ ដែលមានមុខម្ហូបយ៉ាងតិច៣មុខ ក្នុងមួយគ្រួសារ។

     ការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន ត្រូវបានធ្វើឡើង ក្នុងពិធីបើកការដ្ឋានសាងសង់ អាគារសិក្សាវិទ្យាល័យរាំងទិល ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ឯកឧត្តមបានបន្ថែមទៀតថា នេះជាជំហ៊ានមួយនៃការរិះរកមធ្យោបាយលើកកម្ពស់នូវប្រាក់ចំណូល សម្រាប់ជីវភាពប្រជាពលរដ្ឋរបស់យើង ក្នុងរដូវបិទនេសាទ។ ឯកឧត្តមបន្តទៀតថា ឯកឧត្តមនឹងទំនាក់ទំនងទៅឯកឧត្តម កែវ រតនៈ ដែលជាប្រធានក្រុមការងារចុះជួយស្រុកកណ្តៀង ដើម្បីរៀបចំលំនៅដ្ឋាននៅទីនេះ ឲ្យមានសោភណ្ឌភាព រស់នៅដោយសុខស្រួល និងក្លាយជាភូមិពោរពេញទៅដោយទេសចរណ៍ធម្មជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា លោកអភិបាលស្រុក លោកមេឃុំ លោកប្រធានមន្ទីរទេសចរណ៍ និងអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំយន្តការនេះ ឲ្យបានឆាប់រហ័ស និងធ្វេីការផ្សព្វផ្សាយព័ត៌មាន ទៅក្នុងWebsite ឬYoutube និងព័ត៌មានទេសចរណ៍ក្នុងខេត្ត ដើម្បីផ្សព្វផ្សាយឲ្យទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ ស្រលាញ់ទៅលើទេសចរណ៍ធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាប។

     ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ឲ្យបងប្អូនប្រជានេសាទទាំងអស់ សូមប្រើប្រាស់ឧបករណ៍នេសាទទៅតាមបទដ្ឋានបច្ចេកទេស របស់ក្រសួងកសិកម្ម និងសូមចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីឲ្យផលត្រីរបស់យើងសម្បូរ អាចផ្គត់ផ្អង់តម្រូវការប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស៕ គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ