រដ្ឋបាលខេត្តរតនគិរី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩
March 19, 2019 អ្នកទស្សនា :

       បន្ទាប់ពីអង្គសន្និបាតបានដំណើរការរយៈពេលពេញមួយថ្ងៃរួចមក នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

      ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី  បានធ្វើរបាយការណ៍សង្ខេបឱ្យដឹងថាអង្គសន្និបាតដែលបានប្រារព្ធធ្វើឡើងនាឱកាសនេះ ក្នុងគោលបំណងគឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានាពីការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមក ឡើកយកមកពិភាក្សាសម្រាប់ដាក់ចេញជាទិសដៅអាទិភាពសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អង្គសន្និបាតបានបញ្ចប់ទៅដោយរលូនតាមកម្មវិធីដែលបានគ្រោងទុក ដោយមានការចូលរួមនូវមតិយោបល់យ៉ាងផុសផុល ជុំវិញបញ្ហាប្រឈម និងដំណោះស្រាយនានា សម្រាប់ជាយន្តការក្នុងការដឹកនាំគ្រប់គ្រងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនូវមូលដ្ឋានប្រកបដោយបរិយាប័ន្ន។

      ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដោយមានការប្តេជ្ញាចិត្តចូលរួមពីមន្ទីរ អង្គភាពជំនាញនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងមានសមត្ថកិច្ច និងពលរដ្ឋខេត្តរតនគិរីទាំងមូល ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យ និងរួមចំណែកក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាងគត់មត់នូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធ្វើឱ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់៧,៥%ក្នុងឆ្នាំ២០១៨កន្លងមក។
      ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្តសម្រាប់ជាត្រីវិស័យក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកាន់តែសុីជម្រៅ ជាពិសេសឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។  ក្នុងឱកាសនេះដែរឯកឧត្តមក៏បានថ្លែងសារស្តូពីការវិវត្តន៍នូវសភាពការណ៍នយោបាយជាតិដែលបានកើតឡើងនាពេលកន្លងមក និងពេលប្ចុប្បន្នជូនដល់អង្គសន្និបាតបានជ្រាបផងដែរ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ