ខេត្តកំពង់ឆ្នាំង៖ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្ត រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អ
March 19, 2019 អ្នកទស្សនា :

      រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ពិតជាឱឡារិកអធិកអធ័មលើសឆ្នាំមុនៗទៀត ក្នុងនោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១លាននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។
      តាមការវាយតម្លៃបឋមរបស់គណៈកម្មការរៀបចំពីធីបុណ្យទន្លេ និងផ្នែកនគរបាលគ្រប់គ្រងសន្តិសុខ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះដែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបប្រមាណជាង ១លាននាក់ ដោយក្នុងនោះ នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០មុឺននាក់ ថ្ងៃទី១៦ មានប្រមាណជាង ៥០មុឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥មុឺននាក់ ហើយបើគិតទាំងថ្ងៃទី១៣ និងទី១៤ មុនថ្ងៃបុណ្យផងនោះ គឺមានអ្នកមកទស្សនាកម្សាន្តសរុបប្រមាណ ៦មុឺននាក់ទៀត។ ទាំងអ្នកដើរកម្សាន្ត ទាំងអាជីវករតាំងពិព័រណ៍លក់ដូរ និងអ្នកផ្តល់សេវាកម្មស្នាក់នៅ ហូបចុក ដឹកជញ្ជូនជាដើមនោះ គឺមានភាពរីករាយណាស់។ ប្រជាពលរដ្ឋ និងអ្នកលក់ដូរចល័តខ្លះ ដែលមកពីស្រុក និងខេត្តឆ្ងាយបានសម្រាកនៅតាមវត្តអារាម ព្រះចៅអធិការមានការយកចិត្តទុកដាក់ជួយសម្រួលគ្រប់យ៉ាង ខ្លះក៏សម្រាកនៅផ្ទះសាច់ញាតិបងប្អូន។ 

      មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នា បានរំលេចនូវទឹកមុខញញឹមញញែមរីករាយ និងសែនមានមោទកភាពចំពោះការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសការផ្ដល់កាដូមហាពិសេស គឺស្ពានដ៏វែងឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលនេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ប្រជាពលរដ្ឋទាំងពីរខេត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមូរមីមកទស្សនាការសកម្មភាពកីឡានាពេលថ្ងៃ និងទស្សនាការតាំងពិព័រណ៍ ការសម្ដែងសិល្បចម្រៀង របាំ ល្ខោនយីកេ និងផ្ទាំងទស្សនីយភាពនពេលរាត្រីយ៉ាងអធិកអធម។
      រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតសោត ក៏គ្មានបញ្ហាអ្វីធំដុំគួរឲ្យព្រួយបារម្ភឡើយ ខណៈកងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងការការពារ និងសម្រួលមធ្យោបាយនានាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ