រដ្ឋបាលខេត្តបាត់ដំបង ប្រជុំបូកសរុបការងារគ្រប់គ្រងជនអន្តោប្រវេសន្ត
March 15, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង មានរៀបចំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងជនអន្តោប្រវេសន្ត និងផ្សព្វផ្សាយការពន្យាឱសានវាទ នៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជាជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង  ព្រមជាមួយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

      ឯកឧត្តម នាយឧត្តមសេនីយ៍​ ឃុន​ សំបូរ​ នៅក្នុងកិច្វប្រជុំបូកសរុបនេះ​ បានពន្យាឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ជាជនបរទេសអន្តោប្រវេសន្តនៅកម្ពុជាដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ជាថ្ងៃកំណត់ចុងក្រោយ។ បើជនបរទេសណាមិនចូលរួមសហការមកដាក់ពាក្យសុំទេ គឺត្រូវទទួលទោសឬត្រូវបណ្តេញចេញពីប្រទេសកម្ពុជាចេញទៅប្រទេសដើមកំណើតវិញ។

      ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណនិងវាតម្លៃខ្ពស់ដល់ក្រុមការងារនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជំនាញនគរបាលស្នងការខេត្តដែលបានខិតខំធ្វើការងារចុះជំរឿននិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់មិនប្រក្រតីនៅខេត្តបាត់ដំបងកន្លងមក។

      ឯកឧត្តម បានគូសបញ្ជាក់ថា ឆ្លងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា មន្រ្តីជំនាញបានរកឃើញ និងដកហូតឯកសារកម្ពុជាមិនប្រក្រតីពីជនបរទេសមាន២ប្រភេទគឺ ១, ជនបរទេសរស់នៅយូរហើយកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីត្រូវបានដកហូត ២, ជនបរទេសរកឃើញថ្មី កាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីត្រូវបានដកហូតមាន៦៩០គ្រួសារ គិតមនុស្សរួម១,៧២៩នាក់ ស្រី៧៧៨នាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ។

      ឯកឧត្តម ក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធទាំង៥ចំណុចគឺ ១, សមត្ថកិច្ចពាក់ព័ន្ធមេត្តាដកហូតឲ្យអស់នូវឯកសារដែលជនបរទេសកាន់កាប់មិនប្រក្រតី ២, ស្នងការនគរបាលខេត្តដែលមានផែនអន្តោប្រវេសន៍ជាសេនាធិការជម្រុញដល់គ្រប់ប៉ុស្តិ៍នគរបាលជួយផ្សព្វផ្សាយខ្លឹមសារអនុក្រិត្យលេខ១២៩អនក្រ និងសេចក្តីជូនដំណឹងលេខ១០១ស្តីពីការពន្យាឱសានវាទនៃកាដាក់ពាក្យស្នើសុំប្រកាសនិងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដែលជនបរទេសអន្តោប្រវេសន្តទាំងអស់បានយល់ ៣, ត្រូវសហការជាមួយផែនអត្តសញ្ញាណកម្មផ្តល់ទិន្នន័យអត្តសញ្ញាណប័ណ្ណដែលបានដកហូតរួចជៀសវាងការផលិតថ្មី ៤, គ្រប់អាជ្ញាធរក្រុង ស្រុក ឃុំទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការផ្តល់លិខិតស្នាមផ្សេងៗដូចជាសំបុត្រកំណើត អាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជៀសវាងការផ្តល់សញ្ជាតិឲ្យជនបរទេសដោយមិនដឹងខ្លួន ៥, យកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេស រកឃើញការលួចរស់នៅនិងធ្វើការខុសច្បាប់ ត្រូវចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ