រដ្ឋបាលខេត្តកំពង់ធំ ផ្សព្វផ្សាយអំពីគោលនយោបាយស្ដីពីការអនុវត្តរបបសន្ដិសុខសង្គម ដល់មន្ត្រីរាជការនៃរដ្ឋបាលសាលាខេត្ត
March 15, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងការថែទាំសុខភាព ព្រមទាំងមានការពន្យល់យ៉ាងទូលំទូលាយពីលោក សុក បូរ៉ា ប្រធានការិយាល័យតាវកាលិក អំពីការទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការចូលជាសមាជិក ប.ស.ស ដល់មន្ត្រីរាជការខេត្តកំពង់ធំ ប្រមាណជិត ៣០០នាក់។

      លោក សុក បូរ៉ា ថ្លែងថា ប.ស.ស មានបេសកកម្ម ៣ចំណុច រួមមាន ផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ផ្តល់របបថែទាំសុខភាព និងផ្តល់របបប្រាក់សោធន។ នៅពេលដែលសមាជិក ប.ស.ស រងគ្រោះថ្នាក់ការងារ ប.ស.ស នឹងផ្តល់ថ្លៃដឹកជញ្ជូនជនរងគ្រោះ ផ្តល់ជូនថ្លៃសង្គ្រោះបន្ទាន់ ផ្តល់ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកចាំថែរក្សា ផ្តល់ប្រាក់បាត់បង់សមត្ថភាពបណ្តោះអាសន្ន ផ្តល់ប្រាក់បាត់បង់សមត្ថភាពអចិន្ត្រៃយ៍ ផ្តល់ឧបករណ៍រណបសិប្បនិម្មិត (ដៃជើងសិប្បនិម្មិត ឈើច្រត់ រទេះរុញ...) ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ផ្តល់ប្រាក់វិភាជន៍បូជាសព ផ្តល់ប្រាក់ឧបត្ថម្ភដល់ប្តី ឬប្រពន្ធ ឬកូន និងជនចាស់ជរានៅក្នុងបន្ទុក។

      ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដោយឥតគិតថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ជូនមន្រ្តីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សមិទ្ធផលថ្មីនេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សម្រាប់មន្រ្តីរាជការ ឲ្យប្រើបេឡាជាតិរបបសន្តិសុខសង្គម ដែលបានរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាឱ្យបានកាន់តែប្រសើរថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយឥតគិតថ្លៃ ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស និងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ត្រូវរក្សានូវកត្តាសាមគ្គីភាព ឯកភាពផ្ទៃ ឲ្យបានល្អប្រសើរថែមទៀត។ ម្យ៉ាងវិញទៀត សូមលោកអភិបាលក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមនេះ នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

      ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ និងឯកឧត្តម ឈុន ឈន់ បានចែកប័ណ្ណ ប.ស.ស ដល់តំណាងមន្ត្រីរាជការ និងតំណាងក្រុង-ស្រុក ព្រមទាំងមានវិធីបំពាក់គ្រឿងឥស្សរិយស លើកទឹកចិត្តដល់មន្ត្រីរាជការដែលមានស្នាដៃល្អដែលបានខិតខំពេញការងារកន្លងមក៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ