ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២
March 15, 2019 អ្នកទស្សនា :

      ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រឹទ្ធី អភិបាលរងខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ អង្គប្រជុំ​នេះ​បានពិនិត្យ ពិភាក្សា និងធ្វើការអនុម័តលើរបៀបវារៈចំនួន ១០របស់ សមាជិកក្រុមប្រឹក្សាខេត្ត និង បានលើកឡើងផ្តោតលើចំណុចមួយចំនួន ជាពិសេស បញ្ហាការងារចរាចរណ៍ បញ្ហាការងារ​សណ្តាប់ធ្នាប់សាធារណៈ។

      ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បូកសរុប និងវាយតម្លៃកិច្ចប្រជុំ ដោយបានកោតសរសើរដល់អាជ្ញាធរ មន្ត្រីគ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ទទួលខុស​ត្រូវ​បំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ គ្រប់ផ្នែកជំនាញ។ ម្យ៉ាងទៀត​ត្រូវខិត​ខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាព ខណ:ពេលដែលខេត្តកណ្តាល ត្រៀម​រៀបចំសង្ក្រាន្តដែលមាន រយៈពេល ៣ថ្ងៃ គឺពីថ្ងៃ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ នៅ​មាត់​ទន្លេក្រុងតាខ្មៅ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងឈាន​ចូលមកដល់​នាពេល​ខាងមុខ។ ឯកឧត្តម បន្តថា ទោះជាមានការរីកចម្រើនយ៉ាងនេះក្ដី ក៏នូវមានចំណុចខ្វះខាត​មួយចំនួន​ដែលអង្គភាព ស្ថាប័នមួយចំនួនពុំទាន់បានបំពេញការងារតាមតម្រូវការនៃការអភិវឌ្ឍ របស់ខេត្ត ដូច្នេះ​យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យដំណើរការអភិវឌ្ឍរបស់ខេត្តកណ្តាល​ប្រព្រឹត្តទៅ​ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាម គោលនយោបាយយុទ្ធសាស្ត្រ​ចតុ​​កោណតំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា។

      លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ក៏បានធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរ ជំនាញពាក់​ព័ន្ធ ធ្វើការបកស្រាយបំភ្លឺ នូវរាល់គ្រប់បញ្ហា ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងនៅ​ក្នុងកិច្ច​ប្រជុំ​សាមញ្ញក្រុមប្រឹក្សានេះ អោយអស់ចម្ងល់ផងដែរ។ លោក ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ ជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ត្រូវចាត់វិធានការដើម្បីធ្វើការអនុវត្តចំពោះបញ្ហាទាំងនេះ ហើយក៏បាន​ធ្វើការសំណូមពរអោយកម្លាំងសមត្ថិកិច្ចនគរបាល និងកងកម្លាំងទាំងអស់ ធ្វើកិច្ចសហការគ្នា ត្រួត​ពិនិត្យ និងត្រូវយកចិត្តទុកដាក់ឡើងវិញនូវច្បាប់ចរាចរណ៍ និងការធ្វើចរាចរណ៍ នៅដងផ្លូវ ក្នុងការ​កាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង និងឈានចូល​មកដល់នាពេលខាងមុខនេះហើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ