អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល ជាលើកទី២ ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរ នៃក្រុមហ៊ុន លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន ជិត១ពាន់នាក់
March 14, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា មានតែការរួបរួមសាមគ្គីគ្នា ចេះជួយគ្នា និងជួយដាស់តឿនគ្នាទៅវិញទៅមក ទើបរក្សាឆ្នាំងបាយរបស់យើងបានយូរអង្វែង បើមានបញ្ហាអ្វីកើតឡើង ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ទៅតាមនិតិវិធីសមស្រប មិនត្រូវរួមគ្នាទៅវាយឆ្នាំងបាយ ដែលបម្រើផលប្រយោជន៍ដល់យើងសព្វថ្ងៃនោះទេ បើមិនដូច្នេះច្បាស់ជាដាច់ពោះស្លាប់ទាំងអស់ជាក់ជាមិនខាន។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាលើកទី២ ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរ នៃក្រុមហ៊ុន លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន ជិត១ពាន់នាក់ ដែលមានទីតាំងស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ទីប្រឹក្សាសម្តេចក្រឡាហោម អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្មួយៗកម្មករកម្មការនីយ៉ាងច្រើនកុះករ។

       លោក ពុំ ចាន់ថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ បានជម្រាបជូនថា រោងចក្រកាត់ដេរនៃក្រុមហ៊ុន លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន  បានបង្កើតឡើងនៅឆ្នាំ២០១៥ មានអគារ២ខ្នង មានបងប្អូនកម្មករ កម្មការិនី និយោជិតខ្មែរ ចំនួន៨៣០នាក់ ក្នុងនោះស្រីចំនួន៧៤១នាក់ ជនបរទេសមាន៦នាក់ និងអ្នកមានផ្ទៃពោះ២៨នាក់។ រោងចក្រនេះ វិនិយោគដោយក្រុមហ៊ុនចិន ដែលមានម្ចាស់ក្រុមហ៊ុន ឈ្មោះ ចាង ជាស័ាង ជនជាតិចិនដីគោក ផលិតសំលៀកបំពាក់ នាំចេញទៅកាន់សហគមន៍អ៊ឺរ៉ុប ប្រទេសជប៉ុន ចិន និងសហរដ្ឋអាមេរិក និងបានផ្តល់ប្រាក់ឈ្នួលជូនកម្មករ កម្មការនី ក្នុងរង្វង់១៩៦ដុល្លារអាមេរិកក្នុងមួយខែ។ 

      ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថារោងចក្រទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តពោធិ៍សាត់យើងផងដែរ មិនចេះតែកើតមានបាននោះទេ បើគ្មានសុខសន្តិភាព និងស្ថេរភាព។ យ៉ាងណារោងចក្រកាត់ដេរលានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន បើគ្មានការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀងគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះ បានរហូតមកដល់សព្វថ្ងៃដែរ ហើយកូនចៅ ប្រជាជនយើង ប្រឈមទៅនឹងគ្មានការងារធ្វើ ធ្លាក់ក្នុងស្ថានភាពក្រីក្រ។ ឯកឧត្តមបន្ថែមថា ខេត្តពោធិ៍សាត់យើងមានរោងចក្រ ដែលអាចនិយាយបានថា គឺជាឆ្នាំងបាយរួម សម្រាប់យើងទាំងអស់គ្នា មានការងារធ្វើស្របច្បាប់ នៅក្បែផ្ទះ ផ្តល់ភាពកក់ក្តៅរបស់ឳពុកម្តាយ មិនព្រួយកូនចៅទៅឆ្ងាយ។ បើយើងមានឆ្នាំបាយដ៏រឹមមាំនេះហើយ ក្នុងនាមរដ្ឋបាលខេត្ត គឺសុំតែម្យ៉ាងសូមឱ្យ កម្មករ កម្មការិនីទាំងអស់ចូលរួមថែរក្សាឆ្នាំងបាយនេះ ឱ្យបានយូរអង្វែង និងជាប់ជាប្រចាំ កុំនាំគ្នាទៅវាយឆ្នាំងបាយ តាមការញុះញង់ពីសំណាក់ជនអគតិមួយចំនួន តែងតែបង្កភាពហ្វឹកវរក្នុងសង្គម។ ឯកឧត្តមបានថ្លែងទៀតថា រោងចក្រដ៏ធំនេះ ដែលមានកម្មករ កម្មការនីជិត១ពាន់នាក់ តែងតែមានការខុសឆ្គង ប៉ះពាល់ពាក្យសម្តី និងទំហំការងារ ពីសំណាក់មេការ និងអ្នកគ្រប់គ្រង តែទោះជាយ៉ាងនេះក៏ដោយ ក្មួយៗនៅមានសង្ឃឹមព្រោះនៅមានរដ្ឋបាលខេត្ត និងមានមន្ទីរការងារជាសេនាធិការ សម្រាប់សម្របសម្រួល និងដោះស្រាយនូវរាល់ បញ្ហាប្រឈមនានា តាមរយៈជួបផ្ទាល់ក្តី និងតាមរយៈទូរស័ព្ទក៏បាន គឺមិនឱ្យក្មួយៗរស់នៅដោយឯកោនោះឡើយ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ ថាក្នុងរយៈពេល៦សប្តាហ៍ម្តង ដើម្បីបានជួបប្រាស្រ័យទាក់ទង និងសួរសុខទុក្ខ កុំឱ្យមានមន្ទិលសង្ស័យ ពោលគឺយើងត្រូវរួមសាមគ្គីជួយគ្នា និងដាស់ទឿនគ្នា ទើបទទួលបានផលប្រយោជន៍ ទាំងអស់គ្នា ប្រកបដោយតម្លាភាព និងភាពយុត្តិធម៌ទាំងអស់គ្នា។

       នៅក្នុងខណៈនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានរៀបចំឲ្យមានកម្មវិធីចាប់ឆ្នោត ទទួលយករង្វាន់ ក្នុងនោះមានម៉ូតូហុងដាឌ្រីម ២០១៩ ចំនួន១រង្វាន់, មួកសុវត្ថិភាព ចំនួន១៩រង្វាន់, បំពង់ទឹកក្តៅ ចំនួន២០រង្វាន់, បំពង់ទឹកក្តៅរក្សាកំដៅ ចំនួន២០រង្វាន់, ឆ្នាំងបាយអគ្គិសនី ចំនួន១៥រង្វាន់ និងកង្ហាបញ្ឈរ ចំនួន១៥រង្វាន់។ ចំពោះរង្វាន់ធំម៉ូតូ បានទៅលើកម្មការនី ឈ្មោះ ហេង សុភា រស់នៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន និងចែកជូនសារុងអ្នកមានផ្ទៃពោះ ចំនួន២៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង៣ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម និងលោកជំទាវផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ