រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 13, 2019 អ្នកទស្សនា :

       នៅសាលប្រជុំ អគារ ឃ សាលាខេត្ត នារសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការអញ្ជើញចូលរួមកពីសំណាក់ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ  ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធ សរុប ៤៨៦នាក់។ 

      ឯកឧត្ដមអភិបាលខេត្ត បានរាយការណ៍អំពីសមិទ្ធផល លទ្ធផលការងារដែលខេត្តសម្រេចបានក្នុងឆ្នាំ២០១៨ និងដំណើរការសន្និបាតរួច លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយថ្លែងនូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ រួមចំណែកក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

      ជាមួយនេះលោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តស្វាយរៀងទាំងមូលត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចជា៖
១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ 
២.ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការប្រយុទ្ធប្រឆាំងគឿងញៀន 
៣.ការគ្រប់គ្រងរក្សាការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន 
៤.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម 
៥.ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ 
៦.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន 
៧.ការត្រៀមសម្រាប់គ្រោះរាំងស្ងួត និងការពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព។

       ក្នុងនោះដែរ លោកជំទាវក៏បានគូសបញ្ជាក់ឡើងវិញអំពីតួនាទី និងការទទួលខុសត្រូវរបស់អភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក៏ដូចមន្ត្រីសាធារណៈនានា ដែលមានតួនាទីផ្សេងៗក្នុងគណបក្សនយោបាយ ក៏ដូចជា ការចូលរួមក្នុងសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយ ត្រូវគោរពឲ្យបានត្រឹមត្រូវនូវច្បាប់ និងលិខិតបទដ្ឋាននានា ពិសេស ច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ លក្ខន្តិកៈ នគរបាលជាតិ ដែលតម្រូវឲ្យមន្ត្រីសាធារណៈមានអព្យាក្រឹត្យភាព ក្នុងការអនុវត្តមុខងាររបស់ខ្លួន និងមិនត្រូវប្រើប្រាស់ ពេលម៉ោងបំពេញ ការងាររដ្ឋ ទីតាំងស្ថាប័នរដ្ឋ មធ្យោបាយសម្ភាររបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយនោះជាដាច់ខាត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ