អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមផែនការ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត
March 13, 2019 អ្នកទស្សនា :

      នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមផែនការ និង ដោះស្រាយបញ្ហាគ្រោះរាំងស្ងួត នៅពេលចំពោះមុខនេះ  ដោយមានការចូលរួមពី សំណាក់អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងជួរគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ។      បន្ទាប់ពីមានប្រសាសន៍បើកកិច្ចប្រជុំ របស់ឯកឧត្តម ទៀ សីហា រួចមក គ្រប់បណ្តាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប និង មន្ទីរ អង្គភាពក្នុងខេត្ត បានធ្វើ សេចក្តីរាយការណ៍ ស្តីពីផែនការត្រៀមបម្រុង ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបំពាក់នូវឧបករណ៍ មធ្យោបាយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ នៅតាមតំបន់ដែលរងគ្រោះ ខ្វះខាតទឹកប្រើប្រាស់ និង លើកនូវសំណូមពរមួយចំនួនដល់អង្គប្រជុំផងដែរ  ។  ក្នុងនោះដែរមន្ទីរធនធានទឹក និង ឧតុនិយម ក៏បានឲ្យ ដឹងផងដែរថា បញ្ហារងការប៉ះពាល់ធ្វើឲ្យប្រទេសកម្ពុជាជួបនិងគ្រោះសីតុណ្ហភាពកម្តៅអែលនីញ៉ូ តែ៦០%​ ប៉ុណ្ណោះ  ដែលបណ្តាលឲ្យតំបន់មួយចំនួនខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ។  ឆ្លងតាមកិច្ចពិភាក្សា ផ្លាស់ប្តូរនូវមតិយោបល់ និង លើកយកនូវបទពិសោធន៍នាពេលកន្លងមក នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដែលជួបរងនូវគ្រោះរីងស្ងួត ខ្វះខាតទឹកប្រើប្រាស់ ដោយមានការធ្វើអន្តរាគមន៍ពីអាជ្ញាធរខេត្ត ក្រុង ស្រុក និងចូលរួមសហការពីបណ្តាអង្គការដៃគូ​ មួយចំនួនផងដែរ ។  
       មានប្រសាសន៍បូកសរុបនូវកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការ លើកឡើងនូវចំណុចមួយចំនួន ដែលមានពាក់ព័ន្ធទៅនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចំពោះបញ្ហាទឹកនេះ ។ ឯកឧត្តមក៏បានបញ្ជាក់ ថា ឆ្លងតាមការផ្សព្វផ្សាយ នៃការប៉ះពាលនូវ( អែលនីញ៉ូ ) ដែលធ្វើឲ្យមានការខ្វះខាតទឹក  ព្រមទាំងនិងកើតនូវបញ្ហាផ្សេងៗ ដោយ គ្រោះមហន្តរាយនៅតាមបណ្តាក្រុង ស្រុក នាពេលកន្លងមក តែងតែជួបនូវខ្យល់កន្ទ្រាក់ និង រន្ទះបាញ់ ។  ក្នុងកិច្ចប្រជុំនេះ ក៏មានធ្វើ ការផ្លាស់ប្តូរនូវសមាសភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ដោយមានសមាសភាពមួយចំនួន បានផ្លាស់ប្តូរភារកិច្ច និង ចូលនិវត្តន៍ ។ ក្នុងនោះដែរឯកឧត្តមប្រធានអង្គប្រជុំ សូមឲ្យគ្រប់បណ្តាក្រុង ស្រុក ត្រូវមានរបាយការណ៍ជូនមកថ្នាក់ខេត្ត ចំពោះតាមបណ្តាភូមិ ឃុំ ដែលមានជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំព្យាយាម រក្សានូវប្រភពទឹក ដើមី្បសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ និងបានធ្វើការថ្លែងនូវអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទ , ធនធានទឹក និង ឧតុនិយម និង សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងបងប្អូនសប្បុរសជន ដែលបានផ្តល់នូវអណ្តូងទឹកស្អាត ស្រះទឹក សម្រាប់ប្រជាពលរដ្ឋបានប្រើបាស់ ។
       ឯកឧត្តម ទៀ សីហា ក៏ បានឲ្យមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត បន្តធ្វើការស្រាវជ្រាវពីប្រភពទឹកបន្ថែមទៀត ដែលយើងត្រូវការធ្វើការជីកអណ្តូងទឹកបន្ថែម ទៀត ។ ឯកឧត្តមប្រធានអង្គប្រជុំក៏បានសង្កត់ធ្ងន់ចំពោះមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សំខាន់មន្ទីរធនធានទឹក​ និងឧតុនិយម អភិវឌ្ឍន៍ជនបទ, បរិស្ថាន ត្រូវធ្វើការសិក្សាស្រាវជ្រាវស្វែងរកប្រភពទឹកផ្គត់ផ្គង់ និង អង្គភាពរដ្ឋាករទឹក , ស្នងការនគរបាលខេត្ត ,កងរាជអាវុធហត្ថខេត្ត ,កងកម្លាំងប្រតិបត្តិការសឹករង រួមទាំងស្នងការបេតិកភណ្ឌ និង អាជ្ញាធរជាតិអប្សរា សាធារណការ និងវិស័យឯកជន គឺត្រៀមលក្ខណៈនូវគ្រប់វិនាទី ក្នុងការ​បញ្ចេញរថយន្តដឹកទឹក ចុះជួយប្រជាពលរដ្ឋនៅតាមតំបន់ខ្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខនេះ រួមជាមួនោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ក្នុងការអន្តរាគមន៍លើផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលរដូវក្តៅនេះ សំខាន់ចាស់ជរា និង កុមារតូចៗ៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ