រដ្ឋបាលខេត្តកំពង់ចាម បើកសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩
March 12, 2019 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ៧ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា ប្រធានគណៈកម្មការទី៤ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ឋិសភា សមាជិករដ្ឋសភា  និងមន្ត្រីរាជការជុំវិញខេត្ត ។

      ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងនូវបញ្ហាប្រឈម ចំនួន ១៣ ដែលត្រូវបានយកមកពិភាក្សា និងដោះស្រាយក្នុងនោះមាន ៖ ការងារសន្តិសុខសណ្តាប់ធ្នាប់ សកម្មភាព លួច ឆក់ប្លន់គ្រប់ប្រភេទ ។ ប្រសិទ្ធភាពនៃយន្តការ និងការចាត់តាំងអនុវត្តការងារត្រួតពិនិត្យគ្រឿងញៀន ។ ការអនុវត្តការងារ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការផ្តល់សេវា តាមរយៈច្រកចេញចូលតែមួយ និងការត្រៀមបង្កើតការិយាល័យ ច្រកចេញចូលតែមួយ ។ ការត្រៀមទទួលការផ្ទេរមុខងារថ្មី ក្រុង ស្រុក ការគ្រប់គ្រង និងផ្តល់សេវាចំពោះវិស័យទឹកស្អាត និងអគ្គិសនី ផ្លូវ វិធានការអប់រំលើការសម្របសម្រួល និងដោះ ស្រាយ ក្នុងការអនុវត្តគម្រោងសាងសង់នានា, ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការអនុវត្តគម្រោង មូលនិធិ ឃុំ សង្កាត់ ការគ្រប់គ្រង់ និងគាំទ្រការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាព ពិសេស ការផ្តល់ការគាំពារមាតា និងទារក ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង ការងារ សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។

       ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជំនាញនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធ ផលលើគ្រប់វិស័យទូទាំងខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍខេត្ត ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាងគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ជាពិសេសខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធ្វើឲ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨ ដែលតាមរយៈកំណើនសេដ្ឋកិច្ចនេះ បានបង្កលក្ខណៈសម្បត្តិដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមបំពេញកាតព្វកិច្ច និងករណីយកិច្ចនានាស្របតាមច្បាប់ និងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដែលមានប្រជាពលរដ្ឋបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរហូតដល់ ៨៣,០២% ចេញទៅបោះឆ្នោត ។ ទន្ទឹមនឹងនោះ ក្រោយការបោះឆ្នោតជាតិលើកទី៦ រហូតមកដល់ពេលនេះ សភាពការជាទូទៅ របស់ប្រទេសជាតិ មានលក្ខណៈអំណោយផលល្អជាងពេលណាៗទាំងអស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តកំពង់ចាម ទាំងមូល ត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចជា ៖ ទី១.ពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយ, សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៏ និងពលករបរទេស ។ ទី២.ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះ បង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវខិតខំកៀរគរ និងលើកទឹកចិត្ត ដល់ការវិនិយោគអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ទី៣.ចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះ មានកិច្ចការជាអាទិភាពចំនួន ៤ ដែលត្រូវអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ បង្កើនការផ្ទេរមុខងារ និងធនធាន ការផ្ទេរមន្ត្រីបុគ្គលិកក្រសួងមហាផ្ទៃប្រមាណជាង ៦.០០០នាក់ មកជាមន្ត្រីបុគ្គលិក របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រុង-ស្រុក និងបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍមូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់ ។ ទី៤.ផ្តល់សេវាសាធារណៈ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ ។ ទី៥.ត្រៀមលក្ខណៈឲ្យបានល្អក្នុងការដោះស្រាយគ្រោះរាំងស្ងួត ព្រមជាមួយនេះ ត្រូវអប់រំប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការអគ្គីភ័យមកលើផ្ទះសម្បែង ចំការដំណាំ ព្រមទាំងចូលរួមការពារភ្លើងឆេះព្រៃក្នុងរដូវប្រាំងហួតហែងនេះ ។ និងទី៦.ការពង្រឹងរបៀបរបបការងារ ទំនាក់ទំនងការងារ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ លុបបំបាត់នូវវប្បធម៌អន្តរាគមន៏ បក្ខពួកនិយម និងគ្រួសារនិយម ។ ទន្ទឹមនេះ នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ប្រទេសយើងនឹងរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី៣ ។ អាស្រ័យហេតុនេះ សូមអំពាវនាវ ដល់អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមក្នុងដំណើរការបោះឆ្នោតនេះ ស្របតាមច្បាប់តម្រូវ ៕អែមមី


ប្រភពៈ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ