អភិបាលខេត្តពោធិ៍សាត់ បន្តជួយដោះស្រាយទុក្ខលំបាក និងផ្តល់សម្ភារៈដល់គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង
March 13, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ផ្តល់ស្បៀងជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានមុខរបរមិនពិតប្រាកដជិត១០០នាក់ ដែលមកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់ សម្រាប់សម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង បានយកទៅទទួលទានបានមួយគ្រា និងបន្តចូលរួមដោះស្រាយទុក្ខកង្វល់ ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា នៅអាគារបូរាណផងដែរ។

      ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍សំណេះសំណាល ដោយបានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាបង ប្អូន កូន ក្មួយប្រជាពលរដ្ឋទូទាំងខេត្ត បើពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងហើយ ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋជិត១០០នាក់ខាងលើនេះ គឺពួកគាត់សុទ្ធសឹងមានជីវភាពខ្វះខាត មានមុខរបរមិនពិតប្រាកដ និងជនចាស់ជរាទីទ័លខ្លាំង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ឯកឧត្តមបានបន្ថែមថា យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សម្តីមាស សម្តីពេជ្រ ប្រកបដោយឥរិយាបទថ្លៃថ្នូ ពីដូនតាបន្សល់មក បើខ្វះខាតពិតប្រាកដត្រូវសុំគេ និងត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួសារ របស់ឯកឧត្តម និងលោកជំទាវផងដែរ។

      ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់មានសមាជិកថ្មីម្នាក់ទៀតប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ