អភិបាលខេត្តសៀមរាប ដាក់ចេញនូវបម្រាមដាច់ខាត មិនឲ្យមានការសម្របសម្រួលសុំសម្រាលទោស ចំពោះជនណាដែលប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើអនីតិជន
March 08, 2019 អ្នកទស្សនា :

      ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅមហោស្រពអាណាចក្រអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរ ក្រុង ស្រុក បងប្អូនមន្ត្រីរាជការជានារី សរុប ចំនួន១៣០០នាក់ នៅថ្ងៃព្រហស្បតិ៍ ០២កើត ខែផល្គុន ឆ្នាំច សរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០១៩ ។

      លោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារីខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្ត បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តិថ្លៃថ្នូរ និងសុភមង្គលរួមមក។

      ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដាក់ចេញនូវគោលការណ៍ សម្រាប់សមត្ថកិច្ចដែលពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះស្រ្តីកំពុងជាប់ក្នុងពន្ធនាគារ និង បានដាក់ចេញនូវបម្រាមដាច់ខាត មិនឲ្យមានការសម្របសម្រួលសុំសម្រាលទោស ចំពោះជនណាដែលប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈលើអនីតិជន ។ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះស្ត្រីជាទណ្ឌិត ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសម្តេចបានឲ្យសមត្ថកិច្ច-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្រ្តីផងដែរ ។ ឯកឧត្តមក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ដែលបានរួមគ្នាប្រារព្វពិធី ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៩នេះឡើង ព្រមទាំងបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏មិនមែនបានសេចក្តីថា សិទ្ធិនារីតែមួយថ្ងៃនោះទេ ។ ដូច្នេះរាជរដ្ឋាភិបាល ក៏បានត្រូវយកចិត្តទុកដាក់លើស្រ្តី ហើយស្រ្តីបានដើរតួនាទីស្មើនឹងបុរស ក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និង ប្រទេសជាតិ ត្រូវបានស្រ្តីចូលរួមគ្រប់សកម្មភាពជាមួយបុរស ។ ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បានលើកឡើង នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា គ្រប់អង្គភាព-ស្ថាប័នសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធត្រូវអនុវត្តនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទាន់ពេលវេលា ។ ឯកឧត្តមបានលើកឡើងបន្ថែមនៅក្នុងពិធីនោះថា ស្រ្តីជាមាតាដែលត្រូវបានទទួលទោសទណ្ឌ ពិតជាមានអារម្មណ៍ឈឺចាប់ណាស់ ចំពោះកូនតូចរបស់ខ្លួន ដែលជាប់នៅជាមួយទាំងរូបគេពុំមានទោសកំហុសអ្វីសោះឡើយ ។ ឯកឧត្តម ទៀ សីហា ក៏បានបង្ហាញឲ្យដឹងផងដែរថា ឯកសារ ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា ដែលបានដាក់បញ្ចូលផងដែរ នូវបញ្ហារបស់ស្រ្តី ទៅក្នុងក្រុមនៃជនងាយរងគ្រោះ នៃផែនការជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តីលើកទី៣ ( ២០១៩-២០២៣ ) ។ ឯកឧត្តមបន្តទៀតថា ដូច្នេះនៅថ្នាក់ក្រោមជាតិ ត្រូវផ្តល់សេវា និង រួមគ្នាទប់ស្កាត់អំពើហឹង្សាលើស្រ្តីនិងក្មេងស្រ្តី រួមទាំងការរំលោភសេពសន្ថវៈ និង ការបៀតបៀនផ្លូវភេទ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា មានបទល្មើសរំលោភសេពសន្ថវៈ បានកើតឡើងជាមធ្យមចំនួន០៣ករណីជារៀងរាល់ថ្ងៃនៅក្នុងខេត្តសៀមរាប ហើយជនរងគ្រោះទាំងនោះ មួយចំនួនជាក្មេងស្រីមានអាយុក្រោម១៥ឆ្នាំនោះ ។ ឯកឧត្តម ទៀ សីហា បានដាក់បំរាមយ៉ាងម៉ឹងម៉ាត់ ចំពោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវឲ្យមានការសម្របសម្រួល ឬ សុំសម្រាលទោស ចំពោះជនណាដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ លើអនីតិជនជាដាច់ខាត ។ ឯកឧត្តមអភិបាលខេត្ត ហៅជនដែលបានប្រព្រឹត្តអំពើអាណាចារទាំងនោះ ថាជាសត្វ មិនមែនជាមនុស្សនោះទេ មិនត្រូវលើកលែងទោសឲ្យ ជាដាច់ខាត ។ ក្នុងគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាលើស្រ្តី ការលុបបំបាត់អំពើកេងប្រវ័ញ្ជ ជួញដូរនិងរំលោភផ្លូវភេទ រាជរដ្ឋាភិបាលម្ពុជា បានជម្រុញឲ្យគ្រប់បណ្តាអង្គភាព-ស្ថាប័ន ចូលរួមគាំទ្រ សំដៅលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ដើម្បីធ្វើឲ្យប្រសើរឡើង នូវការអភិវឌ្ឍជីវភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្រ្តី និង ការផ្តល់សេវាគាំពារសង្គម គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាបាននូវដំណើរការសង្គម ប្រកបដោយសុខដុមរមនា ៕អែមមី

 

ប្រភព:រដ្ឋបាលខត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ