ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក)
March 16, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមាព្រះរវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតនៅក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិការដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ស្រុករមាសហែក និងឃុំអណ្ដូងត្របែក ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំង លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ២.៤០០នាក់។
 
      ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់អង្គពិធីនូវក្តីនឹករលឹក។

      លោកជំទាវបានបន្តទៀតថា ព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីគោរពសក្ភារៈបូជាប៉ុណ្ណោះទេ គឺជាប្រភពបណ្តុះ នូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាស្រប នឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើន បានបង្កលក្ខណៈសម្បត្តិដល់សកម្មភាពព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍវិស័យនេះឲ្យមានរីកចម្រើនដូចវិស័យដទៃទៀត ស័ក្តិសមជាទីកន្លែងគោរពបូជា នៃពុទ្ធបរិស័ទ។  

      ជាក់ស្តែងនៅក្នុងស្រុករមាសហែកថ្ងៃនេះបានរៀបចំកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានា ដែលបាន ចំណាយថវិកាសាងសង់អស់ ៣៥ម៉ឺនដុល្លារ សម្រាប់ទុកឲ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយ គោរព និងប្រតិបត្តិ។

      ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់អានុសាសន៍ជូនដល់អង្គពិធីដូចតទៅ ៖
១. ត្រូវចេះការពារខ្លួន ត្រូវធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជំងឺCOVID-19 ផងដែរ។ 
២. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់ វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
៣. មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៤. ដោយសារតែការកើនឡើងនៃកម្តៅផែនដី និងបាតុភូតធម្មជាតិនានា ដែលអាចកើតឡើងជាយថាហេតុ ខ្ញុំស្នើឲ្យបងប្អូនទាំងអស់គ្នាត្រូវថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ប្រចាំ ថ្ងៃ។ 
៥. សូមបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា និងត្រូវប្រុងប្រយ័ត្នខ្ពង់ចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ក្នុងឱកាសប្រាព្ធពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ