អភិបាលខេត្តពោធិ៍សាត់ អំពាវនាវសមាជិកាសមាគមនារី ឲ្យប្រើប្រាស់ឥរិយាបទថ្លៃថ្នូរ សម្តីមាស សម្តីពេជ្រ ដល់ប្រជាពលរដ្ឋ និងគ្រួសារសមាគមរបស់ខ្លួន
March 06, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់សមាជិកា សាខា អនុសាខា និងបណ្តាញសមាគមនារីទូទាំងខេត្ត សូមប្រើប្រាស់ឥរិយាបទថ្លៃថ្នូរ ប្រកបដោយសម្តីមាស សម្តីពេជ្រ ដែលមានពីដូនតារបស់យើង ទៅកាន់ប្រជាពលរដ្ឋ និងគ្រួសាររបស់ខ្លួន នោះយើងនឹងរក្សាបាននូវសុភមង្គល និងរក្សាបាននូវអ្វីៗទាំងអស់ ដែលជាតម្រូវការនៃជីវិត។ ជាមួយគ្នាឯកឧត្តម បានស្នើឲ្យពង្រីកបន្ថែមនូវរចនាសម្ព័ន្ធសមាជិកភាព សមាគមនារី ដល់គ្រប់ក្រុមគ្រួសារទូទាំងខេត្ត ដើម្បីដកស្រង់យកបទពិសោធន៍ ទៅអនុវត្តន៍នៅគ្រប់ក្រុមគ្រួសារទាំងអស់ ឲ្យក្លាយជាគ្រួសារគម្រូ ជាកោសិកាសង្គមដ៏ល្អ ជាបាតគ្រឹះដ៏រឹងម៉ាំរបស់ប្រទេសជាតិ និងជាថ្នាលបណ្តុះមនុស្សថ្មី។

      ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានថ្លែងបែបនេះ នារសៀលថ្ងៃពុធ ១៤រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយបានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាសមាគមនារីកម្ពុជា និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

      លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់ របស់បងប្អូននារីនៅគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតីឆន្ទៈចូលរួមក្នុង ការងារសង្គមគ្រប់ទីកន្លែង។ ឆ្លងតាមរយៈសកម្មភាពឃើញថា សាខាសមាគមនារី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពប្រែប្រួល រីកចម្រើន អំពីស្ថានភាព ជីវភាព ឋានៈ និងតួនាទី បានក្លាយជាអ្នកដឹកនាំ ក្នុងមុខងារនយោបាយ និងមុខងារសាធារណៈ។ លោកជំទាវបានថ្លែងថា នៅក្នុងខេត្តបានរៀបចំរចនាសម្ពន័្ធ មាន១គណៈកម្មការ ១១អនុសាខា មាន៥៦៣បណ្តាញ និងមានសមាជិកភាព ៣,៧៧៩នាក់ ក្នុងនោះពង្រីកថ្មីបាន៣១៥នាក់ និងបានចូលរួមថវិកាប្រចាំឆ្នាំសរុប ចំណូលបានជាង៩៣លានរៀល និងជាង៣២ពាន់ដុល្លារអាមេរិក ដោយឡែកថវិកា និងសម្ភារឧបត្ថម្ភ ពីលោកជំទាវប្រធានកិត្តិយស ជាង៦៤លានរៀល និងជាង២២ពាន់ដុល្លារអាមេរិក។

      ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់សាខាសមាកមនារី ដែលបានរៀបចំពង្រឹង និងពង្រីករចនាសម្ព័ន្ធ បណ្តាញសមាគមនារី ឱ្យ កាន់តែមានភាពរឹងមាំ និងទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ស្ត្រី ជា ពិសេសអំពីតួនាទី ឋានៈ ចំណេះដឹង ជំនាញ ក៏ដូចចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងកុមារទូទាំងខេត្ត កាន់តែមានភាពរឹងម៉ាំ។

      ឯកឧត្តមបានលើកឡើងទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាអង្គការមហាជន ដែលបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈប្រទេសជួបវិបត្តិ នៃសង្គ្រាម បង្កឡើងដោយរបបប្រល័យពូជសាសន៍។ រហូតមកដល់ពេលនេះ សមាគមនារីបាននឹងកំពុងបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈអ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ។ ឯកឧត្តម បានសំណូមពរដល់បងប្អូននារីចូលរួមគ្រប់សកម្មភាពទាំងការងារចាត់តាំង គ្រប់គ្រង សតិអារម្មណ៍ ត្រូវចៀសវាងដាច់ខាត នូវការចាញ់ល្បិចកលឆបោក ឃោសនាអកុសលរបស់បុគ្គលមួយចំនួន និងត្រូវចេះគៀងគរ រួបរួមសាមគ្គីជួយគ្នាទៅវិញទៅមក ប្រៀបដូចមហាគ្រួសារតែមួយ។ ឯកឧត្តមមានជំនឿជឿជាក់ថា សាខាសមាគមនារីខេត្តពោធិ៍សាត់ ពិតជាចូលរួមបំពេញការងារដ៏មានអត្ថន័យ និងជាប្រវតិ្តសាស្ត្រ ហេតុនេះសូមឱ្យបងប្អូននារីយើងខិតខំប្រឹងប្រែង និងទទួលខុសត្រូវ ទាំងថ្នាក់ដឹកនាំអនុសាខា និងទាំងបណ្តាញ នៃអង្គភាពនីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយបានយល់ដឹង អំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនីធិ សម្រាប់ទ្រទ្រង់សកម្មភាពអនុសាខា និងជួយទៅដល់ជនងាយរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់។

      នៅក្នុងខណៈនោះ អង្គសន្និបាតបានប្រកាសទទួលស្គាល់សមាជិកាកិត្តិយសថ្មី ជាភរិយាថ្នាក់ដឹកនាំ ចំនួន៨រូប និងប្រកាសទទួលស្គាល់ លោកស្រី ចាប យ៉ម ប្រធានអនុសាខា ក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងបង់ថវិកាប្រចាំឆ្នាំ២០១៩ របស់សមាជិកកិត្តិយស និងសមាជិកាសាខា នាពេលនោះផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ